ភ្នំពេញ៖ មន្ត្រីជនខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដៃគូរវាងរដ្ឋ និងឯកជន គឺជាការងារចាំបាច់មួយ ដើម្បីពង្រីកវិសាលភាព និងធានាបានគុណភាពនៃសេវាសាធារណៈ ការលើកកម្ពស់សុខុមាលភាពសង្គម ។ ដើម្បីគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជន បទពិសោធន៍ប្រទេសចិន” ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។
លោក រដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងមកហើយ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បាន ពង្រឹងពង្រីករហូតឈានដល់កម្រិតជា (យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ) ទាំងនយោបាយសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
លោករដ្ឋលេខាធិការ បន្តថា ពាក់ព័ន្ធនឹងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹង លើការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាការងារមួយសំខាន់ ដើម្បីចូលរួមអនុវត្តគម្រោងក្នុងក្របខណ្ឌ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព តាមការគ្រោងទុក។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ឱ្យអនុវត្តរួចហើយ នូវឯកសារ គោលនយោបាយស្តីពី “ការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦ -២០២០” ៕