លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េបានជួបពិភាក្សាការងារទ្វេភាគី ផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី២៥ខែវិច្ឆិកានេះ បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្រ្តីកម្ពុជាបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជាព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ទ្វេភាគីកម្ពុជា-កូរ៉េ។
តាមការរំពឹងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះនឹងជួយពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀតព្រម ទាំងបង្កើតឱកាសការងារក្នុងស្រុកការនាំចេញទំនិញនិងសេវានិងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចជាតិនិងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លាសហរដ្ឋ អាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។
ចំណែកទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលីតង់និងកៅ ស៊ូធម្មជាតិ។ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េរួមមានរថយន្ត ក្រណាត់ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិកគ្រឿងចក្រនិងផលិតផល ថែរក្សាសម្រស់ ។