ម៉ានីល៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា (NOCC) និងលោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ាន ១០ទៀត ដើម្បីបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។
ពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិនេះ បានធ្វើឡើងនៅភូមិកីឡា នាទីក្រុង New Clark បន្ទាប់ពីលោករដ្ឋមន្ដ្រី បានដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា ធ្វើដំណើរទៅដល់ហ្វីលីពីន ដោយសុវត្ថិ ភាព កាលពីម៉ោង ៤ទាបភ្លឺ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ។
កម្មវិធីនេះ ត្រូវបានកំណត់រៀបចំជារៀងរាល់ឆ្នាំ រាល់មុនពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ១ថ្ងៃ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហ្វីលីពីននឹងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើក ទី៣០ ជាផ្លូវការតែម្ដង ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានឲ្យដឹងថា បន្ទាប់ពីចូលរួមកម្ម វិធីខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកបណ្ឌិត ថោង ខុន និងលោកស សុខា នឹងជួបសំណេះ សំណាល និងផ្ដល់អនុសាសន៍លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា បានទៅដល់ប្រទេស ហ្វីលីពីន មុនថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ផ្លូវការ នៅល្ងាចថ្ងៃដដែល ។
សូមបញ្ជាក់ថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ខណៈបច្ចុប្បន្នមានកីឡា ១២ប្រភេទ បានទៅដល់ហ្វីលីពីន ហើយប្រភេទកីឡានៅសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ កម្ពុជាមានកីឡា ២ប្រភេទ ដែលបានធ្វើការប្រកួត រួមមានក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា និងក្រុមបាល់ទះឆ្នេរខ្សាច់ ដែលត្រូវធ្វើការប្រកួតល្ងាចនេះ៕