លោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជូនដំណឹងមួយ ដោយបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើប្រហុកផ្អកទុកបរិភោគទាន់រដូវត្រីត្រូវចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០នេះ បន្ទាប់ពីបានធ្វើការសង្កេត តាមដានលើកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាបឃើញថា ទឹកបានស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។
ទឹកដែលហូរចេញពីបឹងទន្លេសាបស្រកចុះយ៉ាងលឿនបែបនេះធ្វើឲ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើតដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំមេត្តាអញ្ជើញមកទិញត្រីក្នុងខែមិគសិរនេះឲ្យបានរួសរាន់ តាមពេលវេលានិងទីកន្លែងដូចបានជម្រាបជូនខាងលើ។
រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា បង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមកស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំ ឲ្យមានការរាំងស្ទះតាមការគួរ៕