(ឡុងដ៍)៖ លោក ជែន ស្តូលតិនបឺក (Jens Stoltenberg) អគ្គលេខាធិការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ហៅកាត់ថា អង្គការណាតូ (NATO) បាននិយាយក្រើនរំឭកដល់ប្រទេសទាំង២៩ប្រទេសជាសមាជិករបស់ខ្លួនថា អង្គការនេះត្រូវប្រឈមមុខជាមួយនឹងមហាអំណាចថ្មីមួយទៀត គឺប្រទេសចិនលើគ្រប់វិស័យ ទាំងយោធា សេដ្ឋកិច្ច នយោបាយ និងបច្ចេកវិទ្យា។
លោក ជែន ស្តូលតិនបឺក បានបន្ថែមថា មហាអំណាចថ្មីចិន កំពុងបង្កើនសមត្ថភាពគ្រប់យ៉ាងនៅលើពិភពលោក ដែលជាកាគំរាមកំហែងថ្មី និងមានឥទ្ធិពលបំផុតដល់អង្គការណាតូ ក្រោយពីអង្គការមួយនេះបានប្រឈមមុខជាមួយមហាអំណាចចាស់គឺអតីតសហភាពសូវៀត អស់រយៈពេលជាងកន្លះសតវត្សរ៍ និងបានផ្តួលរំលំអតីតសហភាពសូវៀត កាលពីឆ្នាំ១៩៩១។
សូមរំឭកថា កាលពីថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ អង្គការណាតូបានបើកកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៧០ឆ្នាំ នៅចក្រភពអង់គ្លេសដោយមានមេដឹកនាំមកពីប្រទេសទាំង២៩ប្រទេស និងស្ថាប័នដៃគូនានាបានចូលរួម ហើយសំណុំរឿងនៃការបង្កើនឥទ្ធិពលគ្រប់វិស័យរបស់មហាអំណាចថ្មីចិន គឺជាប្រធានបទសំខាន់ ដែលត្រូវបានលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំនោះ។
បញ្ហាលំបាកបំផុតសម្រាប់អង្គការណាតូក្នុងការប្រឈមមុខជាមួយឥទ្ធិពលរបស់មហាអំណាចថ្មីចិន គឺដោយសារចិនជាប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់លេខ២ និងជាមហាអំណាចខាងបច្ចេកវិទ្យាលំដាប់លេខ១ នៅលើនៅលើពិភពលោក ហើយនេះជាចំណុចខ្លាំងរបស់មហាអំណាចថ្មីចិន ដែលអង្គការណាតូពិបាកនឹងទប់ទល់បំផុតនៅពេលខាងមុខ។
ក្តីបារម្ភរបស់អង្គការណាតូចំពោះមហាអំណាចថ្មីចិន គឺភាពខុសប្លែកគ្នាពីមហាអំណាចចាស់អតីតសហភាពសូវៀតនៅត្រង់ថា សូវៀតប្រកួតប្រជែងជាមួយអង្គការណាតូ តែខាងឥទ្ធិពលយោធាតែប៉ុណ្ណោះ ដោយនយោបាយខ្សោយ សេដ្ឋកិច្ចខ្សោយ និងបច្ចេកវិទ្យាក៏ខ្សោយ ប៉ុន្តែសម្រាប់មហាអំណាចថ្មីចិនវិញ គឺនយោបាយខ្លាំង សេដ្ឋកិច្ចខ្លាំង យោធាក៏ខ្លាំង និងបច្ចេកវិទ្យាឈានមុខគេលំដាប់លេខ១ នៅលើពិភពលោក ដោយចិនបានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាជំនាក់ទី៥ (5G) ដោយមានក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។
ក្រោយពីទទួលបានដំណឹងពីក្តីបារម្ភរបស់អង្គការណាតូ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ទៅអង្គការណាតូវិញថា ចិនជាមហាអំណាចសន្តិភាព ដោយមិនមានបំណងគំរាមកំហែងពិភពលោកនោះទេ ហើយចិនក៏មិនដែលបង្កសង្គ្រាមជាមួយប្រទេសណាមួយដែរ សូម្បីតែជួយក្រុមណាមួយ ឬប្រទេសណាមួយឲ្យធ្លាក់ក្នុងសង្គ្រាម ក៏ចិនមិនដែនធ្វើដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបន្តថា ចិនមិនអនុវត្តគោលនយោបាយឯកតោភាគី ក្នុងការវាយប្រហារលើប្រទេសណាមួយនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក បានធ្វើបែបនេះជាញឹកញាប់ រហូតដល់រុញច្រានប្រទេសមួយចំនួននៅលើពិភពលោក ដូចជាប្រទេសអាហ្វហ្កានិស្ថាន, អ៊ីរ៉ាក់, ស៊ីរី, យេមែន និងប្រទេសមួយចំនួនទៀត ឲ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។
សូម្បីតែប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកខ្លួនឯង ក៏កំពុងរងគ្រោះដោយសារការអនុវត្តនយោបាយឯកតោភាគីរបស់អាមេរិកដែរ ជាពិសេស គឺការបញ្ឆេះឲ្យមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន និងបណ្តាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប មានប្រទេសបារាំង, អាល្លឺម៉ង់, អង់គ្លេស និងប្រទេសមួយចំនួនទៀត។
ចំណែកលោក ម៉ាក អេស្ព័រ (Mark Esper) រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បាននិយាយថា ការពង្រីកវិស័យយោធារបស់ចិន គឺជាការប្រឈមមួយធំសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយចិនបានពង្រីកឥទ្ធិពលយោធាយ៉ាងខ្លាំង ដែលអាចគ្រោះថ្នាក់ដល់ប្រទេសជាសមាជិករបស់បក្សសម្ព័ន្ធអង្គការណាតូនៅពេលខាងមុខ៕