ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ស្ត្រីម្ចាស់គ្លីនិកឌែរម៉ូ ចំនួន៣បទល្មើស

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៩នេះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើម្ចាស់គ្លីនិកឌែរម៉ូ កែសម្ផស្សចំនួន៣បទល្មើសជាសំណុំរឿងព្រហ្មទណ្ឌ រួចបញ្ជូនជនត្រូវចោទទៅចៅក្រមសើបសួរសម្រេចតាមនីតិវិធី ។

ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទលោកស្រី ហូវ ដាណេ ជាម្ចាស់គ្លីនិកឌែរម៉ូ និងឈ្មោះ ពៅ សុីណាត ជាគ្រូពេទ្យដេរខ្ជិបប្រចាំគ្លីនិករួមមាន ៖
១- បទប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល តាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ ។

២ – បទកំហែងយក តាមមាត្រា៣៦៣ និងមាត្រា៣៦៤នៃក្រមព្រហ្មទណ្ឌ ។

៣ – បទការគំរាមកំហែងហែកកេរ៍្ត តាមមាត្រា ២៧២ និងមាត្រា២៧៣ នៃក្រមព្រហ្មទណ្ឌ ។

មាត្រា៣០២នៃក្រមព្រហ្មទណ្ឌចែងថា អំពើថតរូបភាពនៃបុគ្គនៅទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀលទៅ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។

មាត្រា៣៦៣នៃក្រមព្រហ្មទណ្ឌចែងថា អំពើកំហែងយកគឺជាអំពើដែលប្រព្រឹត្តដោយការប្រើហឹង្សា ការគំរាមកំហែងថានឹងប្រើហឹង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបាននូវ ៖ ហត្ថលេខាឬស្នាមមេដៃ , ការសន្យាឬការបោះបង់ចោលអ្វីមួយ , ការបង្ហាញអាថ៌កំបាំងណាមួយ , ការប្រគល់មូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ ។

មាត្រា៣៦៤ អំពើកំហែងយកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

មាត្រា៣៧២នៃក្រមព្រហ្មទណ្ឌចែងថា អំពើគំរាមកំហែងហែកកេរ៍្ត គឺជាអំពើប្រព្រឹត្តដោយការគំរាមកំហែងបើកកកាយ ឬទំលាក់កំហុសដែលនាំអោយប៉ះពាល់ដល់កិត្តិយស ការរាប់អាន ដើម្បីទទួលបាននូវ ៖ ហត្ថលេខា ឬស្នាមមេដៃ , ការសន្យា , ការបង្ហាញអាថ៌កំបាំងណាមួយ , ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។
មាត្រា៣៧៣បានចែងកំណត់អោយផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។

ជនត្រូវចោទ. ហូវ ដាណេ និងពៅ សុីណាត ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី ០៤មករា ឆ្នាំ២០១៩ ដែលសំណុំរឿងនេះត្រូវបានចាត់បញ្ជូនឲ្យលោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងចាត់ការ ។

ក្រោយពីសាកសួរជនសង្ស័យរួច និងពិនិត្យលើរបាយការស៊ើបអង្កេតបឋមរបស់នសមត្ថកិច្វរួចមក តំណាងអយ្យការសម្រេចចោទប្រកាន់លោកស្រីហូវ ដាណា និងពៅ សុីណាត ចំនួន៣បទល្មើសខាងលើរួចមក បានបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅចៅក្រមស៊ើបសួរការបន្តតាមនីតិវិធី៕