ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី “ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង” កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។
លោក MIKAMI- Masahiro ឯកអគ្គរាជទូតជប៉ុន បានមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលគួរជាទីមោទនរបស់រាជរដ្ឋាភិបាល ក៏ដូច ជាប្រជាជនកម្ពុជា ។ លោកបានបញ្ជាក់ថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស កម្ពុជា ។ ដើម្បីឲ្យវិស័យនេះមានការរីកចម្រើនបន្ថែមទៀត ចាំបាច់ត្រូវជំរុញឲ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការដោះស្រាយញ្ហាដែលកសិករកំពុងប្រឈម ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម តម្លៃ បន្ថែម ជំរុញការកែច្នៃ វេចខ្ចប់ គុណភាព និងអនាម័យ ឈានឆ្ពោះទៅធ្វើការប្រកួតប្រជែងដើម្បីនាំចេញ។
លោកអគ្គរាជទូត សង្ឃឹមថា គ្រឹះក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ហើយពិតណាស់សង្ឃឹម ថា ក្រុមហ៊ុនដែលចូលរួមនៅពេលនេះ នឹងចែករំលែកចំណេះ ជំនាញ បទពិសោធន៍ ធ្វើយ៉ាងណាឲ្យផលិតបានលទ្ធផលយ៉ាងល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធយកទៅប្រើប្រាស់ ជាប្រយោជន៍ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្លាស់ប្តូរចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ និងធាតុចូលផ្សេងៗដើម្បីស្វែងរកការរីកចម្រើនលើវិស័យខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង និងជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រុមហ៊ុន និងសហគមន៍កសិកម្ម ស្របតាមអភិក្រម ” រដ្ឋ ឯក ជន ដៃគូអភិវឌ្ឍ និងសហគមន៍” ។ ដើម្បីបង្កើនសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបរិបឋនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម ។ ភ្ជាប់ទៅនឹងការវិនិយោគរបស់វិស័យឯកជន ។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកវិនិយោគក្នុង និងក្រៅប្រទេស បាននឹងកំពុងបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្ម មានជាអាទិ៏ ផ្នែកផលិតកម្មកសិកម្ម ការកែច្នៃកសិផល កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម រួមទាំងការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្មផងដែរ ។
លោករដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុនមកបណ្តាក់ទុនវិនិយោគកាន់តែច្រើន ថែមទៀត ដើម្បីពង្រីកឱកាសឲ្យដល់កសិករ ឬអ្នកផលិតនៅទីជនបទអាចទទួលបានការងារ រៀនសូត្រចំណេះ ជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឲ្យបានពេញលេញ និងសមស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា ៕