លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ី ហ្រ្គែន ផាកលែន ឯ.ក ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការទូលថ្វាយរបស់ សម្តេចតេជោតេ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកបានមានប្រសាសន៍ថា« គ្រឿងឥស្សរិយយសនេះ សម្រេចចេញជាផ្លូវការកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ ហើយខ្ញុំបាទសូមថ្លៃងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានទូលថ្វាយទៅព្រះមហាក្សត្របានផ្តល់នូវគ្រឿងឥស្សរិយយសនេះដល់ខ្ញុំបាទ ជាកិត្តិយសមួយដ៏ធំក្នុងជីវិតបម្រើសង្គមជាតិយើងបន្តទៀត»។
លោកបានបញ្ជាក់ទៀថា ក្នុងនាមជាកូនខ្មែរនិងជាអ្នករកស៊ីមួយរូបលើវិស័យអចលនទ្រព្យពិតជាមានក្តីសប្បាយរីករាយខ្លាំងនូវកិត្តិយសនេះ ហើយសង្ឃឹមថា នឹងប្តេជ្ញាបម្រើសង្គមជាតិឲ្យអស់តាមលទ្ធភាពដែលអាចធ្វើបាន និងសូមអំពាវនាវដល់អ្នករកស៊ីទាំងអស់ឆាយពេលវេលាខ្លះចំពោះសង្គមជាតិយើងតាមតែអាចធ្វើបាន។
បច្ចុប្បន្ននេះមានអ្នកជំនួញផ្នែកអចលនទ្រព្យមិនតិចទេ ដែលទទួលបានគោរមងារកិត្តិយស និងគោរមងារជាឧកញ៉ា បន្ទាប់ពីពួកគេបានប្រឡូកក្នុងវិថីជំនួញដីធ្លី ហើយជាពិសេសអ្នកវិនិយោគទាំងនោះក៏បានចូលរួមចំណែកយ៉ាងច្រើនផងក្នុងការងារមនុស្សធម៌ និងការងារសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។