ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសកូរ៉េ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះ សំ ណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបន្តការសិក្សានៅប្រទេសកូរ៉េ កាលពីថ្ងៃទី ៣ខែ គុម្ភ:នេះ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញ មក ជួបបងប្អូនកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមករស់នៅ និងបន្តការសិក្សានៅកូរ៉េនេះ។

សម្តេចតេជោបន្តទៀតថា ពេលនេះកម្ពុជា និងកូរ៉េបាននិងកំពុង យកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េចំនួន ៤៥០នាក់ ហើយបើសរុបពលរដ្ឋទាំងអស់ដែលបានមករស់នៅកូរ៉េទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណជា ៦៥៥០ ០នាក់ កំពុងបំរើការងារ ជាមួយប្រាក់ឈ្នួលសមរម្យ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសុំអោយម្ចាស់ក្រុមហ៊ុន ឬម្ចាស់ សហគ្រាសនានានៅប្រទេសកូរ៉េនេះ សូមជួយមើលថែកូនក្មួយកម្មករ កម្មការនីដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះអោយបានល្អផង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យពលរដ្ឋ និងនិស្សិតទាំងអស់ដែលរស់នៅ និងសិក្សានៅប្រទេសកូរ៉េនេះ ត្រូវគោរពច្បាប់ប្រទេសគេ ហើយត្រូវខិតខំប្រឹងប្រែងធ្វើការ និងរៀនសូត្រ ដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។​

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់បងប្អូនកូនក្មួយ និងនស្សិតទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ខំស្កាត់មកពីបណ្ដាតំបន់ផ្សេងៗមកជួបសម្ដេចនាពេលនេះ។

នៅក្នុងឱនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ បានផ្តល់ជូនបងប្អូនកូនក្មួយដែលបានចំណាយពេលវេលាមកជួបសម្តេចនាពេលនេះនូវសៀវភៅអប់រំទូន្មាន២ក្បាលម្នាក់ របស់ ភិរម្យ អ៊ូ (ក្រមង៉ុយ) និងបណ្ឌិត អ៊ូ ចុង និងក្រមាម្នាក់១។

សម្តេចតេជោ បានជូនពរដល់កូនក្មួយទាំងអស់ ដែលកំពុងបំរើការងារ និងសិក្សានៅទីនេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕