ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន​​​ ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19

(ភ្នំពេញ)៖ ការស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំ ដែលតែងតែធ្វើកិច្ចការនេះជារៀងរហូតមក។

ជាក់ស្តែង ក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះ បានបង្ហាញជាភស្តុតាងមួយថ្មីទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់របស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖

ចាប់ពីការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពីចុងឆ្នាំ២០១៩ ហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គឺជាដំណាក់កាល ដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហានីភ័យ។

សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះ ការប្រើចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គម ដែលបណ្តាលមកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយបានជានាយករដ្ឋមន្ត្រីខ្មែរ បានចេញមុខធ្វើជាគំរូនៃការលុបបំបាត់ការភ័យខ្លាចតាមរយៈសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

ទី១៖ គឺការអំពាវនាវម្តងហើយ ម្តងទៀត កុំឲ្យពលរដ្ឋភ័យខ្លាចព្រោះការភ័យខ្លាចវាបង្កគ្រោះថ្នាក់ជាងវីរុស Covid-19 ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានយល់ច្បាស់ថា ពលរដ្ឋខ្មែរអាចបាត់បង់ម្ចាស់ការ និងធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គម ប្រសិនបើមិនទប់ស្កាត់ការភ័យខ្លាចទេនោះ ពីព្រោះម្យ៉ាងការព្រួយបារម្ភពីវីរុសឆ្លងកំពុងគ្របដណ្តប់លើសតិអារម្មណ៍ពលរដ្ឋខ្មែរជាច្រើន និងម្យ៉ាងទៀត គឺការបំផុសព័ត៌មានក្លែងក្លាយបំពុលសង្គមពីសំណាក់ជនអគតិមួយចំនួនក៏បានធ្វើឡើងគួរឲ្យកត់សម្គាល់។

ទី២៖ ការបង្ហាញសកម្មភាពជាក់ស្តែងជាគំរូដល់មហាជន ដូចជាការស្នើរសុំទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន, ដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ទីក្រុងប៉េកាំង ដោយមិនពាក់ម៉ាស់ក្នុងពេល ដែលវីរុសកំពុងផ្ទុះខ្លាំង និងការអនុញ្ញាតឲ្យនាវាយក្ស Westerdam ចូលចតហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រីខ្លួនឯង បានចេញទៅទទួលស្វាគមន៍អ្នកទេសចរ ដោយផ្ទាល់ខណៈ ដែលពិភពលោកកំពុងភ័យខ្លាច និងរើសអើងអ្នកទាំងនោះ។

ទី៣៖ គឺការឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបពីរបៀបរស់នៅប្រកបដោយអនាម័យដល់ប្រជាពលរដ្ឋខ្មែរពីព្រោះសម្តេចតេជោ ហ៊ុន សែន បានយល់ច្បាស់ណាស់ថា អនាម័យ គឺជាគោលការណ៍គ្រឹះក្នុងការបង្ការ ទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ មិនត្រឹមតែ Covid-19 ទេ ហើយចំណុចខ្សោយរបស់ពលរដ្ឋខ្មែរ គឺការរស់នៅដោយមិនសូវខ្វល់ពីអនាម័យ។

ជាលទ្ធផល ខ្ញុំសង្កេតឃើញថា កិច្ចការទាំង៣យ៉ាងនេះ បានទទួលជោគជ័យយ៉ាងធំធេងគួរឲ្យមោទនៈបំផុតសម្រាប់ប្រទេសកម្ពុជា ពីព្រោះតាមរយៈសារ និងសកម្មភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរឈប់ភ័យខ្លាច Covid-19 តែបែរមកប្រកាន់យកគោលការណ៍អនាម័យដើម្បីការពារខ្លួនជំនួសវិញ។ ការឈប់ភ័យខ្លាចបានធ្វើឲ្យមានប្រក្រតីភាពនៃការងារមុខជំនួញ ឬរបររកស៊ីគ្រប់យ៉ាងពោល គឺអ្វីៗនៅមានដំណើរការជាធម្មតា។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់លំនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀត គឺពលរដ្ឋខ្មែរគ្រប់ទិសទីបានអនុវត្តវិធីសាស្ត្រអនាម័យជាប្រចាំ ដូចជា៖ ការ លាងដៃញឹកញាប់, ការពាក់ម៉ាស់នៅពេលពួកគេទៅកាន់ទីណា ដែលមានមនុស្សម្នាច្រើន ឬនៅពេលមានជំងឺផ្តាសាយជាដើម។ នេះគឺជាឥរិយាបថថ្មី និងជាឥរិយាបថដ៏វិជ្ជមានរបស់ពលរដ្ឋខ្មែរ ដែលអាចការពារបាន នូវការចម្លងវីរុស Covid-19 រហូតមកទល់ពេលនេះ។

បន្ទាប់ពីពលរដ្ឋខ្មែរស៊ាំនឹងបញ្ហា Covid-19 ហើយឈប់ភ័យខ្លាច និងចេះវិធីបង្ការខ្លួន, សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាន់យកវិធានការដំណាក់កាលទី២ តាមរយៈការប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល។

ក្នុងដំណាក់កាលនេះ មេដឹកនាំកម្ពុជារូបនេះបានតម្រូវឲ្យក្រសួងស្ថាប័នរដ្ឋកាត់បន្ថយការចំណាយ ពី២៥ភាគរយ ទៅ ៥០ភាគរយ ដើម្បីត្រៀមថវិកាទុកបម្រុងប្រើប្រាស់ក្នុងករណីផ្ទុះ Covid-19 នៅកម្ពុជា។

ព្រមជាមួយគ្នានេះដែរ វិធានការឆ្លើយតបជាច្រើនទៀត ក៏ត្រូវបានដាក់ចេញដើម្បីត្រៀមខ្លួនឆ្លើយតបឲ្យបានល្អបំផុតក្នុងភាពម្ចាស់ការក្នុងករណីដែលមានបញ្ហា Covid-19 កើតឡើងនៅកម្ពុជាជាយថាហេតុ។

ពេលយើងពិនិត្យមើលបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ ទើបយើងអាចយល់បានពីភាពឈ្លាសវៃរបស់មេដឹកនាំ និងយល់ពីរបៀបដឹកនាំ និងគ្រប់គ្រងប្រទេស។

ជាទូទៅ នៅពេលមានអាសន្នណាមួយកើតឡើង មេដឹកនាំតែងតែផ្ញើសារ និងធ្វើសកម្មភាពជាគំរូដើម្បីរក្សាលំនឹងចិត្តប្រជាពលរដ្ឋ និងលំនឹងសេដ្ឋកិច្ចជាតិ។

កាលពីដំបូងឡើយ មានអ្នកខ្លះ ដែលមិនយល់កាលៈទេសៈជាពិសេសក្រុមប្រឆាំងជ្រុលនិយមបាននាំគ្នារិះគន់ លោកហ៊ុន សែន ថាបានផ្ញើសារឬ បង្ហាញសកម្មភាពហាក់ដូចជាផ្ទុយពីនិន្នាការនៃការភ័យខ្លាច របស់ពិភពលោក ឬអ្នកខ្លះនិយាយថា ជាការដើរបញ្ច្រាសគេ។ ប៉ុន្តែ ពួកគេភ្លេចគិតថា «ត្រីដែលហែលបណ្តោយទឹកគឺមានតែត្រីងាប់ឬត្រីដែលអស់ថាមពលទៅមុខលែងរួចប៉ុណ្ណោះ ចំណែកឯត្រីដែលហែល បញ្ច្រាសទឹកគឺជាត្រីដែលវៃឆ្លាត និងពោរពេញដោយថាមពល»។

មកដល់ដំណាក់កាលនេះ ទើបយើងអាចយល់ច្បាស់ថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើ គឺជាគំរូមិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មេដឹកនាំពិភពលោកទាំងមូលផងដែរ។

ជាក់ស្តែង ឥឡូវនេះគេក៏បានឮប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនលុង ក៏ដូចជាបណ្តាមេដឹកនាំនៅអឺរ៉ុប ដែលសុទ្ធតែបានផ្ញើសារ កុំឲ្យពលរដ្ឋស្លន់ស្លោចំពោះរឿងនេះដូចៗគ្នា។ មកដល់ត្រង់នេះ ទើបគេយល់បានថា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គឺពិតជាមេដឹកនាំឈានមុខគេក្នុងការ បង្ហាញសារ និងកាយវិការគំរូ និងលឿនរហ័សជាងមេដឹកនាំពិភពលោកផ្សេងៗទៀត។

ឥឡូវនេះ ដល់ពេលមេដឹកនាំខ្មែររូបនេះត្រូវបញ្ចេញវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ហើយបើទោះបីជាវីរុសនេះមិនទាន់បានប៉ះពាល់ដល់ពលរដ្ឋខ្មែរណាម្នាក់ ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា។ វិធានការនេះ ប្រសិនបើប្រកាសតាំងពីដំបូងទី ប្រហែលធ្វើឲ្យពលរដ្ឋខ្មែរភ័យស្លន់ស្លោ និងឈានទៅបាត់បង់ម្ចាស់ការ ហើយអាចបង្កហានីភ័យធំធេងក៏ថាបាន។ ប៉ុន្តែ ការប្រកាសនៅពេលនេះបានក្លាយជារឿងធម្មតាមួយសម្រាប់ប្រជាពលរដ្ឋទូទៅ ពីព្រោះតែពួកគេបានឆ្លងផុតដំណាក់កាលទី១ទៅហើយ។ នេះហើយដែលហៅថាមេដឹកនាំ ដែលស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វី ពោលគឺចំពោះសម្តេចតេជោ ហ៊ុន សែន «ពេល វេលា គឺជាអាវុធយុទ្ធសាស្ត្រ ដែលធានាបាននូវភាពម្ចាស់ការ និងជោគជ័យក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស» ៕