នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសឥស្សរជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គមជាតិ។
ក្នុងនោះមានឥស្សរជនពីររូបដែលបានទទួលគ្រឿងឥស្សរយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លូ គឹមឈុន នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ចំណែក រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯក សុនចាន់ នឹងទទួលគ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ក្នុងការក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង ហើយពិធីប្រគល់គ្រឿងឥស្សរិយយសនឹងត្រូវរៀបចំឡើងក្នុងពេលវេលាសមស្របខាងមុខ។