(ប៉េកាំង)៖ ទឹកដីសហរដ្ឋអាមេរិក គឺជាកន្លែងប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញលំដាប់កំពូលជាច្រើន ហើយមានមោទនភាពជ្រុលហួសចំពោះសមត្ថភាព និងធនធានរបស់ខ្លួន នៅស្ទើរពាសពេញពិភពលោក ដើម្បីពុះពារដោះស្រាយវិបត្តិសុខមាលភាពប្រជាពលរដ្ឋ។
ផ្ទុយទៅវិញ មនុស្សជាច្រើនកំពុងចោទសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ដែលអាចជាគំរូគេក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ បែរជាខ្ជះខ្ជាយចំពោះសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះទៅវិញ រហូតធ្វើឲ្យទឹកដីអាមេរិកក្លាយទៅជាប្រទេសរងគ្រោះខ្លាំងជាងគេ និងមានមនុស្សស្លាប់ច្រើនលើសគេ។
ចម្ងល់ខាងលើនេះ គឺមិនមានអ្វីស្រួលពន្យល់ច្បាស់ជាង ភាពក្រអឺតក្រទមឡើយ។
ទីភ្នាក់ងារព័ត៌មាន សិនហួររបស់ចិន បានបញ្ចេញទស្សនៈថា នៅក្នុងសន្ទស្សន៍ ស្តីពីសន្តិសុខសុខភាពសកល (Global Health Security) ដែលជាការវាយតម្លៃដ៏ទូលំទូលាយផ្នែកសន្តិសុខសុខភាព និងសមត្ថភាព ក្នុងចំណោម១៩៥ប្រទេស ដែលដឹកនាំស្រាវជ្រាវ និងបោះពុម្ពផ្សាយ ដោយសាកលវិទ្យាល័យ ចន ហប់គីន (Johns Hopkins University) របស់អាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា សហរដ្ឋអាមេរិក បានឈរនៅលំដាប់កំពូល ខាងសមត្ថភាពវិទ្យាសាស្ត្រសុខាភិបាល។
ប៉ុន្មានខែក្រោយមកទៀត នៅក្នុងករីណវីរុសប្រល័យលោក កូវីដ១៩ ដែលបានឆ្លងរាលដាលពាសពេញពិភពលោក បែរបានធ្វើឲ្យសហរដ្ឋអាមេរិក ឈរនៅលំដាប់កំពូលម្តងទៀត ខាងមនុស្សស្លាប់ដោយសារជំងឺឆ្លងនេះ។ ពលរដ្ឋអាមេរិកាំង ជាងមួយលាននាក់ បានឆ្លងមេរោគនេះ និងអ្នកជំងឺជាងប្រាំមួយសែននាក់ បានស្លាប់ រហូតធ្វើឲ្យប្រទេសមហាអំណាចមួយនេះ ក្លាយជាចំណុចកណ្តាលនៃប្រភពឆ្លងនៅលើពិភពលោក។
លទ្ធផលនៅក្នុងសន្ទស្សន៍ ស្តីពីសន្តិសុខសុខភាពសកល បង្ហាញឲ្យឃើញនូវភាពល្វីងជូរចត់របស់អាមេរិកហើយឥឡូវនេះ។
នៅពេលជំងឺរាតត្បាត ចាប់ផ្តើមផ្ទុះឡើងភ្លាម គ្មានប្រទេសណាមួយនៅលើភពផែនដីនេះ ស្ថិតក្នុងស្ថានភាពល្អប្រសើរជាងសហរដ្ឋអាមេរិក ក្នុងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះឡើយ។
ក្នុងនាមជាប្រទេសមហាអំណាចពិភពលោកតែមួយគត់ សហរដ្ឋអាមេរិក គឺជាកន្លែងសម្រាប់អ្នកផ្តល់សេវាវេជ្ជសាស្រ្តលំដាប់កំពូលៗជាច្រើន ចំណែកអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញ គឺពោរពេញដោយសមត្ថភាព និងធនធានគ្រប់គ្រាន់ ប៉ុន្តែបែរគ្មានសណ្តាប់ធ្នាប់ ដើម្បីប្រឈមនឹងវិបត្តិសុខភាពនេះទៅវិញ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺប្រទេសនេះមិនចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតដ៏លំបាកនេះទេ។ អ្នកជំនាញរបស់ខ្លួន ដែលធ្វើការនៅទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោក (World Health Organization) នាទីក្រុងហ្សឺណែវ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនបន្តព័ត៌មានទាក់ទងនឹងការចាប់ផ្តើមឆ្លងរាតត្បាតនៃមេរោគកូរ៉ូណានេះ ទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ។ ចំណែករដ្ឋាភិបាល ក្រុងប៉េកាំងវិញ បានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ចាប់តាំងពីថ្ងៃផ្ទុះឡើង នាក្រុងអូហាន ប្រទេសចិន ដោយបានកំណត់ករណីឆ្លងមេរោគកូរ៉ូណាដំបូង នៅក្នុងខែមករា ឆ្នាំ២០២០ ទោះបីជាភស្តុតាងចុងក្រោយបង្ហាញថា ការឆ្លងរាលដាលអាចចាប់ផ្តើមនៅលើទឹកដីសហរដ្ឋអាមេរិក មុនការគិតទៅទៀត។
មនុស្សជាច្រើនទាំងនៅក្នុង និងនៅក្រៅសហរដ្ឋអាមេរិក កំពុងចោទសួរថា ហេតុអ្វីសហរដ្ឋអាមេរិក ជាប្រទេសមួយ ដែលអាចធ្វើជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះមេរោគនេះ បែរជាទុកឱកាសដ៏ល្អបំផុតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ហើយបណ្តោយឲ្យក្លាយជាការពិបាកបំផុត។ ប៉ុន្តែហាក់ដូចជាគ្មានការពន្យល់ណាល្អជាង ភាពក្រអឺតក្រទមរបស់អាមេរិកឡើយ។
ដោយសារភាពក្រអឺតក្រទមបែបនេះ ទើបរដ្ឋាភិបាលសហរដ្ឋអាមេរិក ហាក់ដូចជាជឿថា ស្ថានការណ៍ គឺស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង ហើយគិតថា ការផ្ទុះជំងឺឆ្លងជាទ្រង់ទ្រាយធំទំនងមិនអាចកើតឡើងនៅលើទឹកដីរបស់ខ្លួនបានឡើយ។ ផ្នត់គំនិតនេះ អាចពន្យល់ពីមូលហេតុ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថាមពលយ៉ាងច្រើន ក្នុងការប្រឹងរាំងខ្ទប់វីរុសនេះទៅវិញ។
ចំណែកសារព័ត៌មាន ញូវយ៉កថែមស៍ (New York Times) របស់អាមេរិក កាលពីពេលថ្មីៗកន្លងមកនេះ បានរាយការណ៍ថា មន្រ្តីរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិករាប់សិបនាក់ ដែលមានភារកិច្ចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ បានប្រមូលផ្តុំគ្នាពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងបន្ទប់ស្ថានការណ៍ ក្នុងអគារសេតវិមាន ដើម្បីពិភាក្សាគ្នាពីការចេញបំរាមហាមចូលទឹកដីអាមេរិក ហើយចុងបញ្ចប់នៃកិច្ចប្រជុំនីមួយៗ ពួកគេបានចំណាយពេលតែ៥ ឬ១០នាទីប៉ុណ្ណោះ ដើម្បីនិយាយអំពីការធ្វើតេស្តិ៍រករោគសញ្ញា។
ដោយមានចិត្តក្រអឺតក្រទម វាហាក់ដូចជាមេដឹកនាំនៅសេតវិមាន ពឹងផ្អែកតែលើការគិតបែបរវើរវាយ ជាជាងការផ្តល់យោបល់ ដែលផ្អែកលើជំនាញវិជ្ជាជីវៈ និងបែបវិទ្យាសាស្ត្រ។ ពួកគេបានហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសេវាប្រជាជន របស់អាមេរិក គឺលោក អាឡិច អាហ្សា (Alex Azar) ជាអ្នកប្រកាសអាសន្ន ហើយមិនខ្ចីខ្វល់នឹងវិធានការសុវត្ថិភាព ដែលស្នើឡើងដោយក្រុមប្រឹក្សាផ្នែកវិទ្យាសាស្ត្រ ដោយយកចិត្តទុកដាក់តែលើកការព្យាបាល និងការប្រើប្រាស់ឱសថ ដែលប្រសិទ្ធភាពរបស់វា មិនទាន់ត្រូវបានបញ្ជាក់ឲ្យបានច្បាស់លាស់។
ជាមនុស្សក្រអឺតក្រទម ដែលជឿតែលើមនោគមន៍វិជ្ជារបស់ខ្លួន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបដិសេធមិនទទួលស្គាល់ការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវរបស់ចិន ចំពោះវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ប៉ុន្តែតែងតែចោទសួរពីតម្លាភាពរបស់ចិនទៅវិញ ពីព្រោះអាមេរិកមិនជឿ ឬមិនចង់ឲ្យអ្នកដទៃជឿថា ចិនអាចធ្វើបានល្អជាង «មេដឹកនាំពិភពសេរីឡើយ»។
ភាពក្រអឺតក្រទម គឺគ្រាន់តែជារោគសញ្ញាមួយនៃការខ្វែងគំនិត ដែលបង្កឲ្យមានឱនភាពកាន់តែខ្លាំងនៅក្នុងផ្នត់គំនិតអន់ថយរបស់មេដឹកនាំរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណា គេមិនបានយល់ពីការពិត ដែលថាសហគមន៍អន្តរជាតិមិនមែនជាប្រព័ន្ធតែមួយរបស់អាមេរិកនោះទេ ប៉ុន្តែជាប្រព័ន្ធចម្រុះ ដែលពឹងគ្នាទៅវិញមក ហើយមានការទទួលខុសត្រូវច្បាស់លាស់ ក្នុងចំណែកធ្វើឲ្យមនុស្សលើពិភពលោក មានទំនាក់ទំនងល្អនឹងគ្នា និងរស់នៅក្នុងបរិយាកាសល្អប្រសើរជាងមុន។
ទោះបីជាគោលនយោបាយ «គិតប្រយោជន៍អាមេរិកជាចម្បង» ត្រូវបានប្រកាសជាគោលការនៅពេលលោក ដូណាល់ ត្រាំ (Donald Trump) កាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ តែតាមពិតរដ្ឋបាលមុនៗ ក៏បានអនុវត្តបែបនេះជាយូរមកហើយ។
ជាមួយនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតពាសពេញពិភពលោកនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហាក់នៅស្ទាក់ស្ទើរក្នុងការទទួលខុសត្រូវ ដែលកំពុងទាញកិច្ចប្រឹងប្រែងជាសកល ឲ្យដើរថយក្រោយ បង្កអន្តរាយដល់ផលប្រយោជន៍របស់ខ្លួន អាយុជីវិតប្រជាជនខ្លួន និងជីវិតមនុស្សនៅជុំវិញពិភពលោក។
ការផ្ទុះឡើងនៃវីរុសកូវីដ១៩ គឺជាសត្រូវរួមរបស់មនុស្សជាតិ។ គ្មាននរណាម្នាក់អាចកម្ចាត់វាបានតែម្នាក់ឯងទេ នៅក្នុងយុគសម័យសកលភាវូបនីយកម្មនេះ។
ជំនួសការគិតឲ្យអ្នកដទៃទទួលខុសត្រូវជំនួសនោះ វាជាការចាំបាច់សម្រាប់អ្នកនយោបាយស្ទើរចក្ខុវិស័យរបស់អាមេរិក គួរងាងមកចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីទប់ទល់នឹងឆ្លងរាតត្បាតនៃមេរោគកូរ៉ណា តាមបែបវិទ្យាសាស្ត្រ និងសុភវិនិច្ឆ័យ ព្រមទាំងមានសាមគ្គីភាព និងស្មារតីទទួលខុសត្រូវរួម៕