ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធលូការរៀបចំការរ៉ូឡា សួនច្បារ នឹងដាំដើមឈើ នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម និងផ្លូវ លេខ៤៦២ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី ២១ឧសភា ឆ្នាំ២០២០នេះ ។
ការចុះពិនិត្យការដ្ឋាននេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារ បច្ចេកទេស ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការ៉ូឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ដាក់ប្រព័ន្ធលូ ក្រុមការងារបានដាក់រួចរាល់ហើយ ។
លោកឃួង ស្រេង បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ្លូវនេះឲ្យបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៦៣ ៕