ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិក៖ ផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៧,៥ លានដុល្លារដល់កម្ពុជា សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ បានរៀបចំពិធីប្រកាសព័ត៌មាន ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

លោក Patrick Murphy បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក និងថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខ មាលភាពសាធារណៈប៉ុណ្ណោះទេ ។ ថែមទាំងគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ។  ហើយកម្ពុជាក៏ដូចជាប្រទេសដ៏ទៃទៀតដែរបានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលាដែលជាកាយវិការប្រកបដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា ៕