កំពត៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារគម្រោងថែទាំ និងពង្រឹងគុណភាពផ្លូវជាតិលេខ៣ (កំពត-វាលរេញ) រួមជាមួយមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីធានាគុណភាពនៃសំណង់អនុលោមតាមបទដ្ឋានបច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់ សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង ៥៤,៣០គម ចែកជាពីរកំណាត់ គឺពីគម១៤៧+១០០ ដល់គម ១៨១+០០០ ប្រវែង៣៤គម ត្រូវបានជួស ជុល និងក្រាលកៅស៊ូAC ហើយ គម១៨១+០០០ ដល់គម២០១+៤០០ ប្រវែង២០គម ត្រូវធ្វើការជួសជុល ពង្រឹងឡើងវិញដោយធ្វើការលើកកម្ពស់តួផ្លូវចំនួន៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួផ្លូវ និងការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។
លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍ ធ្វើផ្លូវឱ្យជាប់រឹងមាំ មិនមែនធ្វើផ្លូវជាប់រហូតទេ (ធ្វើខាងមុខខូចខាងក្រោយ ធ្វើខាងមុខហើយធ្វើ ខាងក្រោយម្ដងទៀត)។
លោករដ្ឋមន្ត្រី បានស្នើដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់បណ្តាលឱ្យផ្លូវឆាប់ខូច មិនត្រូវប្រើប្រាស់ចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្ម រំលោភបំពានដីចំណីផ្លូវ និងសូមចូលរួមគោរពច្បាប់ ចរាចរណ៍ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាផងដែរ។
សូមបញ្ជាក់ថា កំណាត់ផ្លូវនេះត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល៥៤ខែ គ្រោងចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានIDA Credit ។បច្ចុប្បន្នគម្រោងផ្លូវនេះសម្រេចសាងសង់បាន៧៩,៦០ភាគរយ ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធប្រឡាយរំដោះទឹក ការងារដាក់ប្រព័ន្ធលូ បំពាក់ស្លាកសញ្ញាសុវត្តិភាព និងគំនូសសញ្ញាចរាចរណ៍៕