ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference) …

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ានឆ្នាំ២០២០។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជាសមាជិកអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។

ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្មសរុបជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគ​ផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០% ការចរចាបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះ ត្រូវបានរំពឹងថានឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩។

នៅក្នុងនោះដែរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួចរាល់អស់ហើយ និងបានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹងដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំ២០២០នេះ។