ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ដោយកាយសំរាម ភក់ ដើមស្មៅត្រែង និងកំប្លោកដែលបានកកកុញ នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការធ្វើសកម្មភាពកាយ បើកផ្លូវទឹកបែបនេះ រហូតដល់ខេត្តកណ្តាល គឺក្នុងគោលបំណងដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញមិនថាកណ្តាលនិងជាយក្រុងនៃរាជធានីភ្នំពេញនោះទេ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២៥មិថុនានឆ្នាំ២០២០នេះថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ បានបន្តថា ស្ទឹងជ្រៅ មានទំហំពី២០ម៉ែត្រទៅ៣០ម៉ែត្រ ហើយស្ទឹងនេះ ជាផ្លូវបង្ហូរទឹកយ៉ាងសំខាន់ពីប៉ែកខាងត្បូងមហាវិថីសហព័ន្ឋរុស្សុី និងប៉ែកខាងត្បូងផ្លូវជាតិលេខ ៤ ដែលទទួលទឹកពីប្រឡាយទួលពង្រ ប្រឡាយបឹងហា ប្រឡាយភូមិម័ល ប្រឡាយបឹងទំពុន ប្រឡាយបឹងត្របែក និងបឹងជើងឯក រួចបង្ហូរទឹកឆ្ពោះទៅទន្លេបាសាក់ ដែលអាចរំដោះទឹកចេញពីខណ្ឌចំនួន៣នៅជាយក្រុងនិង៥ខណ្ឌកណ្តាលក្រុង ក្នុងនោះរួមមាន៖ខណ្ឌដូនពេញ ,ចំការមន ,បឹងកេងកង ,៧មករា,ទួលគោក( កណ្តាលក្រុង) មានជ័យ,ដង្កោនិងខណ្ឌពោធិសែនជ័យ (ជាយក្រុង)។
ដោយមើលឃើញពីសារៈសំខាន់នេះ ទើបលោកឃួង ស្រេង ធ្វើការណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះតែម្តង សំដៅធ្វើយ៉ាងណាអាចរំដោះទឹកបាននៅរដូវវស្សានេះ៕ សំរិត