កំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលស្រុកកងមាស នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី មន្ទីរជំវិញខេត្ត អាជ្ញាធរស្រុកកងមាស ក្រុមប្រឹក្សាឃុំ និងអង្គការដៃគូសរុប១៤២ នាក់។
ក្នុងឱកាសបិទអង្គសិក្ខាសាលានេះដែរ លោកអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៅមូលដ្ឋាន ដោយមូលនិធិឃុំ និងស្រុក ក្នុងរយៈពេលកន្លងមក ដែលជាចំណែកមួយក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ចំពោះលទ្ធផលនៃការគាំទ្រគម្រោង ក្នុងអង្គសិក្ខាសាលានាពេលនេះ គឺជាការបន្តចូលរួមសម្រាប់ការអភិវឌ្ឍជាបន្តទៀត។
បើតាមការរាយការណ៍បូកសរុបរបស់លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ស្រុកបានលើកគម្រោងចំនួន៦០ ហើយមានការគំទ្រចំនួន១៥គម្រោង ក្នុងនោះមានបី គឺជាគម្រោងខាងក្នុង និង១២ជាគម្រោងគាំទ្រខាងក្រៅ ហើយបើគិតជាភាគរស្មើនឹង២៥ភាគរយ។ រីឯគម្រោងឃុំ ដែលបានលើកចំនួន៨៣៥គម្រោង ដោយគាំទ្របាន១៤៥គម្រោងស្មើនឹង១៧,៣៦ភាគរយ។ ទោះបីជាយ៉ាងណា គម្រោងនៅសល់ពីការគាំទ្រ ក៏នៅតែបន្តបើកទទួលយកការគាំទ្រជាបន្តទៀតដើម្បីកៀគរការការអភិវឌ្ឍបន្ថែម។
ជាមួយការបូកសរុបខាងលើនេះ លោក អ៊ុន ចាន់ដាបានរំឭកឡើងថា នាដើមឆ្នាំ២០២០ នៅទូទាំងខេត្តកំពង់ចាម បានធ្វើសហរណកម្ម រចនាសម្ពន្ធ័ថ្មីនៅតាមស្រុក ក្រុង ទាំងអស់ ដោយប្រគល់មុខងារថែមជូនស្រុក ក្រុង ដើម្បីពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានឲ្យកាន់តែរឹងមាំថែមទៀត។ ហេតុនេះ ថ្នាក់ស្រុក ឬក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេសស្រុក ក្រុង ក៏ដូចជាឃុំ សង្កាត់នៅទូទាំងខេត្ត ត្រូវរៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខ្លួន ដោយដាក់ជូនក្រុមប្រឹក្សា អនុមត័ឲ្យទាន់ពេល។
ចំណែកគម្រោងទទួលបានការគាំទ្រ និងចុះកិច្ចសន្យាបណ្តោះអាសន្ននាពេលនេះនឹងត្រូវអនុវត្តក្នុងឆ្នាំ ២០២១ខាងមុខ ហេតុនេះហើយ មន្ទីរវិសយ័នានា ភ្នាក់ងារដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវប្រើប្រាស់ធនធានដែលមានឲ្យអស់សក្តានុពល និងចូលរួមកៀគរបន្ថែមទៀត ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
ពាក់ពន្ធ័នឹងជំងឺកូវិដ១៩ លោកអភិបាលខេត្ត បានក្រើនរំឭកថា «យើងមិនត្រូវភ្លេចខ្លួននោះទេ គឺយើងត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យមានការចម្លងក្នុងគ្រួសារ និងសហគមន៍ ដោយយើងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនតាមការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និង អាជ្ញាធរមូលដ្ឋាន ដែលបានណែនាំដល់តាមផ្ទះ និងតាមភូមិឃុំ»។
ចំពោះការប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលបានគិតគូរដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺនេះ ក្នុងនោះខេត្តកំពង់ចាម មានគ្រួសារក្រ១, ក្រ២ ក្នុងឆ្នាំ២០១៨ ចំនួន៣៥ ៨៧១គ្រួសារ ហើយមកដល់ពេលនេះ កើនឡើងបានចំនួន៤៦ ១១៩គ្រួសារទៀត ដោយរាជរដ្ឋាភិបាលបានចំណាយឧបត្ថម្ភសាច់ប្រាក់រាប់ពាន់លានរៀល សម្រាប់រយៈពេលពីរខែដំបូងបានផ្ទៀងផ្ទាត់ និងបើកប្រាក់ចំនួន ៣៩ ៥១៧គ្រួសារ ស្មើនឹងទឹកប្រាក់១២ ៩៦៣ ២៨៨ ០០០រៀល និងមកដល់ថ្ងៃនេះបានចំនួន៣៩ ៥៩៩គ្រួសារ ស្មើនឹងទឹកប្រាក់១៩ ៦៣៤ ៤៨៤ ០០០រៀល បើគិតជាលុយដុល្លារ ជាង៤លានដុល្លារ សម្រាប់តែខេត្តកំពង់ចាមមួយប៉ុណ្ណោះ និងនៅបន្តឧបត្ថម្ភពីរខែទៀត គឺចាប់ពីខែសីហា ដល់ខែកញ្ញានេះ ដោយរាជរដ្ឋាភិបាលនឹងត្រូវចំណាយថវិកាជាច្រើនទៀត។
មុននឹងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំអោយអាជ្ញាធរស្រុក ក្រុង និងឃុំសង្កាត់ ត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដោយនៅគ្រប់ស្រុក ក្រុង មានអគារច្រកចេញចូលតែមួយ និងមានការិយាល័យច្រក ចេញចូលតែមួយ បានដាក់ឲ្យដំណើរការ និងបន្តដាក់ឲ្យដំណើរការចំពោះស្រុក ដែលទើបបានកសាងអគារថ្មី ជាមួយនឹងការដាក់ឲ្យដំណើរការការិយាលយ័ប្រជាពលរដ្ឋ ដែលជាអ្នកឃ្លាំមើលលើការបម្រើសេវាឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់។
ជាទីបញ្ចប់ លោកអភិបាលខេត្តកំពង់ចាម បានណែនាំមន្ត្រីមូលដ្ឋាន ត្រូវបន្តខិតខំដោះស្រាយទំនាស់ នៅសេសសល់នានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់ និងខិតខំបន្តការផ្តល់សេវាចាំបាច់តាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យឆាប់រហស័ និងមានប្រសិទ្ធិភាព។
បន្ថែមពីលើទៀត ចំពោះអាជ្ញាធរស្រុក ឃុំ និងមន្ទីរជំនាញវិញ លោកអភិបាលខេត្តក៏បានណែនាំឲ្យទទួលខុសត្រូវក្នុងការចូលរួមទប់ស្កាត់ ការរុករានទន្ទ្រានកាន់កាប់ដីរដ្ឋ, ការកាប់រានដីព្រៃលិចទឹកដោយខុសច្បាប់, ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការធ្វើនេសាទខុសច្បាប់ ក្នុងមូលដ្ឋាននីមួយៗឲ្យមានប្រសិទ្ធិភាពថែមទៀត ដើម្បីជៀសវាងការពទ្ធ័យកដីបឹងជាកម្មសិទ្ធិ, សកម្មភាពឈ្មួញជួលប្រជាពលរដ្ឋកាប់រានដីរដ្ឋដីព្រៃលិចទឹក យកដីលក់ជាដើម ដោយត្រូវផ្សព្វផ្សាយ អប់រំ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕