ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩និង សូមអ្នកបើកបរ ទាំងអស់ដែលត្រូវទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមទីវត្តអារាមនានា ធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្តនៅរមណីយដ្ឋាន សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់ ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។
ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០នេះ ខណៈ លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរូបសំណាក«ស្ត្រីកំពុងអង្គុយអោបកូន» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោក ឃួង ស្រេង. បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងគណៈគ្រប់គ្រងវត្តអារាមវិហារសាសនាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ការអនុវត្តអនាម័យលាងដៃស្អាតជាមួយសាប៊ូទឹកស្អាត ការពាក់ម៉ាក់ឬ ក្រមានិងការអនុវត្តវិធានការកម្លាត
សុវត្ថិភាពសង្គម ។ ជាពិសេសក្នុងកំឡុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ព្រោះថាមកដល់ពេលនេះស្ថានភាពបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ គ្មានការចម្លងក្នុងសហគមន៍ក៏ដោយ ប៉ុន្តែនៅលើពិភពលោក និងបណ្តាល ទីក្រុងនៃប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានជំងឺនេះនៅតែបន្តរីករាលដាល គួរឲ្យព្រួយបារម្ភបំផុត។
លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើរទៅដល់កអ្នកបើកបរទាំងឡាយដែលត្រូវធ្វើដំណើរទៅចូលរួមកាន់បិណ្ឌនិងភ្ជុំបិណ្ឌ តាមទីវត្តអារាម ទាំងនៅទីក្រុងនិងជនបទ ក៏ដូចជាធ្វើដំណើរទៅស្រុកកំណើតឬដើរកម្សាន្ត ជួបជុំក្រុមគ្រួសារតាមបណ្ដាលរមណី យដ្ឋាននានា សូមបើកបរដោយការយោគយល់អធ្យាស្រ័យខ្ពស់និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជៀសអោយផុតពីគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ សំរិត