(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖“យើងនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់យើងគឺសម្រេចឱ្យបាន ជាអតិបរិមានូវកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមការរំពឹងទុក ក្នុងនោះជួយកាត់បន្ថយវិសមភាព ជាពិសេសចំពោះក្រុមងាយរងគ្រោះ និងក្រុមដែលបាត់បង់ឱកាសតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាផ្តល់នូវជំនាញសហគ្រិន និងការបង្កើតអាជីវកម្ម ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលទៅកាន់ទីផ្សារការងារ និងចូលរួមបង្កើតសហគ្រាស/អាជីវកម្មប្រកបដោយចីរភាព”។
ថ្លែងរបស់លោក ហេង សួរ ក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២” សម្រាប់ឆ្នាំ២០២០-២០២៣ ហើយកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២”នេះ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានវត្តមានចូលរួមពី លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។
លោក Markus Bürli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិ្តបត្តិការ SDC, តំណាងទីភ្នាក់ងារទាំង ៤ របស់អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និងតំណាងក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងតំណាងយុវជនផងដែរ។
លោករដ្ឋលេខាធិការបន្តថា វិបត្តិដែលបង្កដោយការរីករាយដាល ជាសកលនៃជំងឺកូវីដ-១៩ បាននឹងកំពុងផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងទាំងផ្នែក សេដ្ឋកិច្ច និងសង្គម នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកផងដែរ។ យើងក៏សង្កេតឃើញថា ពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែធ្វើដំណើ រសន្សឹមៗ ឆ្ពោះទៅរកការអនុវត្តសកម្មភាពសេដ្ឋកិច្ច-សង្គមជាលក្ខណៈ “ថ្មីធម្មតា”។
ជាក់ស្តែង សកម្មភាពអប់រំ និងបណ្តុះបណ្តាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែចាប់ផ្តើមដំណើរការតាមដំណាក់កាល។ ការណ៍នេះ យើងសង្ឃឹមថាវានឹងជួយសម្រួលដល់ការអនុវត្តសកម្មភាពគម្រោងរបស់យើងត្រឡប់ទៅរកភាពប្រក្រតីវិញ។
រាជរដ្ឋាភិបាល ដែលរួមមានសាមីក្រសួងដែលពាក់ព័ន្ធក្នុងកម្មវិធីរបស់យើងនេះ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការឆ្លើយតបជាយុទ្ធសាស្រ្ត និងគោលនយោបាយ ទៅនឹងវិបតិ្តជំងឺកូវីដ-១៩ ក៏ដូចជាការបន្តដំណើរការកម្មវិធីរួមគ្នារបស់យើងផងដែរ។
លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ជាសហប្រធានក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា៖ “ដោយសារតែជំងឺកូវីដ១៩នេះ បានធ្វើឲ្យប្រជាពលរដ្ឋបានបាត់បង់ការងារធ្វើជាច្រើន ពិសេសស្ត្រី កំពុងប្រឈមនឹងហានិភ័យ នៃការបាត់បង់ការងារខ្ពស់”។
លោកស្រីថា៖«វាជាឱកាសសម្រាប់កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជន នៅកម្ពុជា ដំណាក់កាលទី២ ដែលយើងអាចជំនួសបាននូវបញ្ហាប្រឈមនេះកាន់តែប្រសើរ
»។
កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២នេះ ត្រូវបានរៀបចំបន្តពីជំហានទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួន។ក្នុងកម្មវិធីដំណាក់កាលទី២នេះ មានគោលបំណងគាំទ្រយុវជនវ័យក្មេង ទាំងបុរស និងស្រ្តីនៅកម្ពុជា ក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថា ពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕