ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកជូនប្រជាជននិងពិភពលោក អំពីបទពិសោធដ៏ជូរចត់របស់កម្ពុជាពីអតីតកាលនិងការអនុវត្តបានយ៉ាងជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ បានធ្វើឲ្យប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃសន្តិភាព និងកាន់តែយល់ពីសារៈសំខាន់មិនអាចខ្វះបាននៃមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ គឺសន្តិភាពនិងស្ថិរភាព។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកឡើងវិញពីតម្លៃសន្តិភាពបែបនេះ តាមរយៈសារលិខិតរបស់សម្ដេចក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២០។
សម្ដេចបានថ្លែងថា ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ ២០០១ ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ទកំណត់យកថ្ងៃ២១កញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំ ដើម្បីឧទ្ទិសដល់ការបញ្ឈប់ រាល់អរិភាព និងពង្រឹងឧត្តមគតិ សន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។
ក្នុងឆ្នាំ ២០២០ នេះ ការប្រារព្ធទិវាសន្តិភាពក្រោមមូលបទ “ការកសាងសន្តិភាពជាមួយគ្នា” បានប្រព្រឹត្តទៅទន្ទឹមគ្នា និងការប្រារព្ធខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិដែលជាទិវាដ៏មានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុង ការសម្ដែងចេញនូវសាមគ្គីភាព រួមគ្នាការពារពហុភាគីនិយមគោលបំណងនិងគោល ការណ៍នៃធម្មនុញ្ញរបស់ អង្គការសហ ប្រជាជាតិដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសម្រាប់មនុស្សជាតិ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចបានចូលរួមសំដែងអំណរសាទរ ជាមួយបណ្ដាប្រទេសសមាជិក អង្គការសហប្រជាជាតិទាំងអស់ ប្រារព្ធទិវាសន្តិភាពដ៏មហោ ឡារិកនេះ សំដៅលើកកម្ពស់ ការយល់ដឹង អំពីអត្ថន័យ នៃសន្តិភាព ឲ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតីនិងពួតដៃគ្នាជាធ្លុងមួយថែរក្សាឲ្យបានគង់វង្ស នូវសុខសន្តិភាពយូរអង្វែង សម្រាប់កម្ពុជាយើងនិងពិភពលោក ដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។
សម្ដេចបានរំលឹកថា កម្ពុជាទើបតែបានសុខសាន្តរស់នៅក្នុងសុខសន្តភាព និងឯកភាពជាតិពេញលេញអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្រោយពីឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មានជាច្រើនទសវត្សរ៍កន្លងមកហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
សម្ដេចបន្តទៀតថា ដោយសារសន្តិភាពនេះហើយ ដែលកម្ពុជាមានឱកាសប្រឹងប្រែងដោយខ្លួនឯង ប្រកប ដោយមោទនភាពបំផុត កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាសកាស អនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ៧%ជារៀងរាល់ឆ្នាំ។ប៉ុន្តែជាការគួរឲ្យសោកស្ដាយ រលក ព្យុះនៃវិបត្តិជំងឺកូវីដ-១៩ បាននិងកំពុងបោកបក់មកលើសេដ្ឋកិច្ចនិងសង្គមនៅក្នុងបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោករួមទាំងកម្ពុជាយើងផងដែរ។
ការរីករាលដាលនៃមេរោគកូវីដ-១៩និងវិបត្តិសេដ្ឋកិច្ចនេះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍន៍ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
តាមការប៉ាន់ប្រមាណរបស់អ្នក សេដ្ឋកិច្ច ក៏ដូចជាស្ថាប័នអន្តរជាតិធំៗបង្ហាញថាភាពប្រាកដ ប្រជា នៃសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងធ្លាក់ចុះក្នុងរង្វង់១,៩%នៅឆ្នាំ២០២០នេះ។
ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចក៏អះអាងសារជាថ្មី នូវការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការថែរក្សាអោយបាននូវភាពម្ចាស់ការ លើការងារជាអាទិភាពចម្បងពីរ គឺ៖
ទី១-ការបន្តរក្សានូវស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍
ទី២-ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ ទប់ស្កាត់អតិផរណានិងការឡើងថ្លៃទំនិញ ក្នុងទីផ្សារនិងការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ នូវភារកិច្ចចំនួន៥ ដែលសម្ដេចបានដាក់ចេញកាលពីថ្ងៃទី១៤សីហាឆ្នាំ២០២០ កន្លងទៅនេះ ដើម្បីសន្តិភាព សុវត្ថិភាព សុខមាលភាពប្រជាជននិងការអភិវឌ្ឍប្រទេសជាតិ៕