ភ្នំពេញ៖ ក្រសួងព័ត៌មាន បានប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានព្រាងរួចរាល់ជាស្ថាពរហើយ។ ក្រសួង ជឿជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូន ទៅសុំការអនុម័តពីរដ្ឋសភា ក្នុងពេលដ៏ខ្លីខាងមុខ។
ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញលិខិតតបឆ្លើយតបនឹងបណ្តាអង្គការសង្គមស៊ីវិល ចំនួន ១៩ស្ថាប័ន ដែលបានរួមគ្នា សរសេរលិខិតមកក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយសម្តែងពីការគាំទ្រក្រសួងព័ត៌មាន លើការងារដឹកនាំ ដំណើរការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ចាប់ពី២០១៨ ដល់ឆ្នាំ២០២៣។
ក្រសួងព័ត៌មាន បញ្ជាក់ថា ក្រសួងបានបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ទៅក្នុង គម្រោងកម្មវិធីនៃតម្រូវការសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ សម្រាប់រាជ រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្នុងរយៈពេល ៥ឆ្នាំ ពី២០១៨-២០២៣ រួចរាល់ហើយ ហើយក្នុងនោះផងដែរ ក៏មានសេចក្តីព្រាងច្បាប់ស្តីពីសោតទស្សន៍ ការធ្វើវិសោធនកម្ម ច្បាប់ស្តីពីរបបសារព័ត៌មាន និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សាយ ពាណិជ្ជកម្ម។
ក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងនាមក្រសួងព័ត៌មាន ក៏ដូចជា រាជរដ្ឋាភិបាល មានឆន្ទៈពន្លឿន និងជំរុញការងារពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន ជាមួយបណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធដទៃទៀត ហើយជឿជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន ដែលមាន ០៩ជំពូក និង ៣៨មាត្រា ត្រូវបានតាក់តែងឡើង យូរឆ្នាំមកហើយ ដោយមានកិច្ចសហការរវាងក្រសួងព័ត៌មាន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមអង្គការសង្គមស៊ីវិល សមាគមក្លិបសហព័ន្ធអ្នកកាសែត ក្រោមការសម្របសម្រួលពីអង្គការយូណេស្កូ ក្នុងគោលបំណងធានាឲ្យ សាធារណជនគ្រប់រូប ទទួលបាននូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន៕