ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹក និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង

ព្រៃវែង៖ នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តព្រៃវែង លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានពិនិត្យស្ថានភាពទឹក ការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងចាត់បញ្ជាក្នុងការបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅបណ្តាអាងទឹក តំបន់ទំនាបនានា ក្នុងខេត្តព្រៃវែង ដើម្បីរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ។ 

ក្នុងដំណើបេសកកម្មនេះ លោករដ្ឋមន្រ្តី និងក្រុមការងារបច្ចេកទេស បានពិនិត្យការងារជួសជុលបន្ទាន់នូវសំណង់ទ្វារទឹក នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជោរ ស្ថិតក្នុងឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរងការខូតខាតរបើកទ្វារទឹកដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ដោយបានចាប់ផ្តើមជួសជុលភ្លាមៗ បន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី ដើម្បីបិទទ្វារទឹកជាបណ្តោះអាសន្នរក្សាទឹកទុក សម្រាប់ផ្តត់ផ្គង់ដល់ការស្រោចស្រពស្រូវវស្សាចំនួន២.០០០ ហិតា និងដំណាំរួមផ្សំបន្ថែមទៀត នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក លឹម គានហោ ក៏បានណែនាំបន្ថែមដល់នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ត្រូវចាត់បន្តជួសជុល និងកែលម្អបន្ថែមពេលទឹកស្រក ដើម្បីនិរន្តរភាពនៃការប្រើប្រាស់សំណង់អាងទឹកនេះ 

សូមជម្រាបជូនថា ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ  បានបន្ត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ និងអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើយ៉ាងណាឆាប់រួសរាន់ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលខូតខាតដោយទឹកជំនន់ ដើម្បីទប់រក្សាទុកទឹកប្រើប្រាស់ប្រចាំថ្ងៃ និងការងារបង្កបង្កើនផលពេលទឹកស្រកវិញ។

បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តនូវវិធីសាស្រ្តពីរយ៉ាង គឺអន្តរាគមន៍ខ្ទប់ទឹកទុកឲ្យខានតែបាន និងបន្តជួសជុល ពង្រឹងកែលម្អឲ្យបានល្អប្រសើរ តាមលក្ខណ:បច្ចេកទេស និងលទ្ធភាពទៅតាមស្ថានភាពជាក់ស្តែងនៃទីតាំងនីមួយៗ  ដើម្បីពង្រឹងគុណភាពសំណង់ និងស្តុករក្សារទឹកឲ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាពហុប្រយោជន៍បានយូរអង្វែង៕