ភ្នំពេញ៖ អ្នកស្រី វ៉ា ស៊ីវន គ្រូបង្ហាត់របាំបុរាណ នៃនាយកដ្ឋានសិល្បៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា បច្ចុប្បន្ននេះ សិល្បករមានភាពមមាញឹក ជាពិសេសនៅពេលមានពិធីបុណ្យជាតិម្តងៗ។
អ្នកស្រី វ៉ា ស៊ីវន បញ្ជាក់ថា សិល្បកររបាំបុរាណចេញទៅសម្តែងបានច្រើននៅតាមខេត្តជូនភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេស នៅពេលមានពិធីបុណ្យជាតិម្តងៗ។ ក្រៅពីនេះ ក្រុមសិល្បកររបាំបុរាណខ្មែរតែងតែចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញយផងដែរ។
គ្រូបង្ហាត់របាំបុរាណដែលប្រឡូកក្នុងវិស័យសិល្បៈជាង ៤០ឆ្នាំកន្លងទៅ បានបញ្ជាក់ថា សព្វថ្ងៃនេះ វិស័យសិល្បៈបុរាណមានការរីកច្រើន និងអភិវឌ្ឍន៍ប្លែកៗ ក្នុងន័យអភិរក្សបានយ៉ាងល្អ។
អ្នកស្រីបន្តថា យុវជនជំនាន់ក្រោយប្រឹងប្រែងក្រេបជញ្ជក់ចំណេះពីគ្រូជំនាន់មុន ខណៈដែលពួកគាត់ជាអ្នកបន្តវេន និងជាអ្នកលើកស្ទួយតម្លៃនៃសិល្បៈវប្បធម៌ខ្មែរ ៕