អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
លោកប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ដោយបញ្ជាក់ថា ផ្ទៃដីដាំដុះ ផលិតកម្មជ័រស្ងួត បរិមាណជ័រកៅស៊ូនាំចេញ ការកើនឡើងរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូ ការងារផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេស ការងារពិសោធន៍ស្រាវជ្រាវ ការងារសហប្រតិបត្តិការអន្តរជាតិ ការងារសហគមន៍ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា តម្លៃកៅស៊ូក្នុងឆ្នាំមុនមិនសូវល្អពិតមែន នេះបទពិសោធន៍ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងរិះរកគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យកៅស៊ូឲ្យមានប្រសិទ្ធភាព ខ្ពស់និងមាននិរន្តរភាព។
លោករដ្ឋមន្ត្រីវេង សាខុន ដាក់ចេញនូវយុទ្ធសាស្ត្រ៦ចំណុច ដើម្បីអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យ របស់អគ្គនាយកដ្ឋានកៅស៊ូគួរយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានសកម្ម និងមានប្រសិទ្ធភាពថែមទៀតដូចខាងក្រោម៖
ទី១. ត្រូវធ្វើផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូឆ្ពោះទៅឆ្នាំ ២០៣០ ឲ្យបានសមស្របនឹងស្ថានភាពជាក់ស្តែង និងត្រូវចុះពិនិត្យនិងណែនាំទៅដល់ក្រុមហ៊ុនដាំកៅស៊ូទាំងអស់ ឲ្យរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃផែនការសកម្មភាព និងផែនការអាជីវកម្មប្រចាំឆ្នាំ។ ត្រូវសហការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូទាំងអស់ រួមទាំងកៅស៊ូគ្រួសារលើការងារបច្ចេកទេស និងនីតិវិធីជាធរមាន។
ទី២. ត្រូវសិក្សាទីផ្សារ គុណភាពជ័រ ការកែច្នៃបឋម និងយន្តការនៃការគ្រប់គ្រងចម្ការកៅស៊ូកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសាររួមទាំងរោង ចក្រ-សិប្បកម្មកែច្នៃកៅស៊ូបឋម។ សិក្សាអំពីតម្រូវការនៃធនធានមនុស្សជំនាញដែលបម្រើក្នុងវិស័យកៅស៊ូឲ្យបានច្បាស់លាស់ ភ្ជាប់ទៅនឹងប្រាក់ឈ្នួលពលកម្ម ដែលនាំឲ្យមានកង្វះពលកម្មនាពេលអនាគត។
ទី៣. ត្រូវបន្តសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្ម ការការពារ និងគ្រប់គ្រងជំងឺ សត្វល្អិតចង្រៃ ជាពិសេសពូជថ្មីៗដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមានទិន្នផលខ្ពស់។ ពង្រឹងនិងពង្រីកសកម្មភាពរបស់ស្ថានីយនិងមន្ទីរពិសោធន៍ និងបង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាដល់អ្នកផលិត ជាពិសេសកសិករ។ ត្រូវខិតខំប្រឹងប្រែងបន្តរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយ។
ទី៤. ត្រូវបន្តពង្រឹងសហគមន៍កៅស៊ូគ្រួសារទាំងការងារគ្រប់គ្រង ការងារបច្ចេកទេសផលិតកម្ម គុណភាពជ័រ កែច្នៃ និងលិខិតបទដ្ឋាននានា ដើម្បីឲ្យកសិករមានលទ្ធភាពស្វែងរកប្រភពទុន សហការ ឬអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយដៃគូ និងអាចកសាងមណ្ឌលកែច្នៃផលិតផលកៅស៊ូរួមដោយខ្លួនឯង។ ចំណុចនេះ ធនាគារអភិវឌ្ឍន៍ជនបទបានសម្ដែងការគាំទ្រក្នុងការផ្ដល់ឥណទានដល់សហគមន៍កៅស៊ូគ្រួសារ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទសម្រាប់សាងសង់សិប្បកម្មកែច្នៃកៅស៊ូរបស់សហគមន៍។
ទី៥. ត្រូវបន្តកៀរគរ និងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គការ FAO ដើម្បីអនុវត្តការងារឲ្យសម្រេចគោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍដំណាំកៅស៊ូទទួលបានជោគជ័យ។
ទី៦. សម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាដែលជាផ្នែកឯកជន ដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យបានដំណើរការកាន់តែសកម្មទ្វេរឡើង និងត្រូវប្រមូលផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ឲ្យចូលជាសមាជិករបស់សមាគមនេះ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិតនិងប្រើប្រាស់កៅស៊ូសំខាន់ៗ តាមរយៈការរៀបចំចុះអនុស្សារណៈយោគយល់ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ល្អៗ និងរកទីផ្សារថ្មីៗ ៕