ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ កុំឲ្យចេញក្រៅផ្ទះ បើមិនមានការចាំបាច់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអង្វរសូមឲ្យប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ មេត្តាកុំចេញក្រៅផ្ទះ ប្រសិនបើមិនមានការងារអ្វី ចាំបាច់ទេនោះ ។

ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីស្ថានភាព នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។

តាមរយៈសារសំឡេងប្រមាណ ១នាទី ដែលផ្សាយក្នុងបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២២ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សុំឲ្យប្រជាជន នៅទីក្រុងភ្នំពេញ មានការប្រុងប្រយ័ត្ន ហើយសុំបញ្ជាក់ បើគ្មានការចាំបាច់ កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក ពិតមែនតែយើងដឹងចំណុច ក្លឹប N8 និងកន្លែងរស់នៅក្នុងតំបន់មួយចំនួន ត្រូវបានបិទហើយ ក៏ប៉ុន្តែចរាចរមនុស្ស តើចេញពីកន្លែងនេះ តើទៅកន្លែងណាខ្លះ យើងកំពុងរុករកប្រសិនបើសម្រាកនៅក្នុងផ្ទះបាន ក៏ជាការល្អ ខ្ញុំអង្វរក សុំឲ្យអនុវត្តនូវវិធានការ ៣ការពារ និង៣កុំនេះ» ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងកំពុងសម្រាកចំនួន ៩៣នាក់ ៕