ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ខៀវ កាញារីទ្ធ ៖ កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើយ

ភ្នំពេញ ៖បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយសារជំងឺកូវី ដ១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ៗចំនួន ២ គឺអង្គការសុខភាពពិភពលោក និងគណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ។

ការថ្លែងបកស្រាយរបស់លោករដ្ឋមន្រ្តីនេះ ក្រោយមានការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីដ-១៩។

លោក ខៀវ កាញារីទ្ធ បានថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា នេះជាការផ្សាយព័ត៌មានមិនពិត ព្រោះកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ គណៈកម្មាធិការត្រួតពិនិត្យជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីដ១៩ នេះបានឡើយ។

លោកបានបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យជំងឺ ឆ្លងសហរដ្ឋអាមេរិក CDC បានធ្វើកិច្ចការងារនេះច្បាស់លាស់មិនអាចភូតកុហក រដ្ឋាភិបាល របស់គេនោះទេ ។

ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងគណ:កម្មាធិការត្រួតពិនិត្យជំងឺឆ្លង សហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯងក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។

ស្ថាប័នអន្តរជាតិធំៗ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន លាក់បាំងព័ត៌មាននោះទេ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕