ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិក សាទរកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស

ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ការគាំទ្រចំពោះការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះមេរោគកូវីដ ១៩ តាមរយៈយន្តការ COVAX បន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែងផ្នែកសុខភាពសាធារណៈរបស់យើង ជាមួយប្រទេសកម្ពុជា។ ការយកឈ្នះ លើរោគរាតត្បាតជាសាកលនេះគឺជាបញ្ហាប្រឈមជាសាកល ហើយសហរដ្ឋអាមេរិកកំពុងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីបញ្ឈប់ការរាលដាលនៃជំងឺនេះ។ ដោយធ្វើការជាមួយគ្នា យើងអាចឈ្នះមេរោគកូវីដ ១៩ បាន ហើយត្រៀមខ្លួនបង្ការទប់ទល់នឹងការគម្រាមកំហែងនៅពេលអនាគត»។

ការរួមវិភាគទានរបស់សហរដ្ឋអាមេរិក ចំពោះ COVAX តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ជួយដល់ការទិញ និងការបញ្ជូនវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព សម្រាប់ប្រជាជនដែលងាយរងគ្រោះ និងប្រឈមនឹងហានិភ័យខ្លាំងជាងគេ នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមនៃពិភពលោក ។ ការទ្រទ្រង់នេះមានភាពចាំបាច់ណាស់ ក្នុងការកម្ចាត់មេរោគរាតត្បាតជាសាកល ដោយបន្ថយល្បឿននៃការលេចឡើងនៃមេរោគបម្លែងថ្មី ហើយជួយឲ្យសេដ្ឋកិច្ចសកលលោកមានដំណើរការឡើងវិញ។

សហរដ្ឋអាមេរិក ក៏នឹងធ្វើការផងដែរ ជាមួយម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើការសន្យាផ្តល់ជំនួយ និងការប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការចាំបាច់នៃយន្តការ COVAX ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូ និងរដ្ឋាភិបាលដទៃទៀត ដើម្បីទ្រទ្រង់ការខិតខំក្នុងការចាក់វ៉ាក់សាំងជាសាកល ប្រឆាំងនឹងមេរោគកូវីដ ១៩។

សហរដ្ឋអាមេរិក បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធនៅកម្ពុជា នៅក្នុងអំឡុងពេលទាំងមូលនៃការមានមេរោគរាតត្បាតជាសាកលនេះ ដើម្បីការពារសុខភាពសាធារណៈ និងពង្រឹងការឆ្លើយតបចំពោះមេរោគកូវីដ ១៩។ ភាពជាដៃគូយូរអង្វែងផ្នែកសុខាភិបាលនៅកម្ពុជា បានជួយសម្រួលដល់ការងារនេះ ដូចជាតាមរយៈមជ្ឈមណ្ឌលកម្ចាត់ជំងឺ (CDC) វិទ្យាស្ថានជាតិសុខភាព (NIH)របស់សហរដ្ឋអាមេរិក មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្តនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងទីភ្នាក់ងារជំនួយអាមេរិក (USAID) ។ ភាពជាដៃគូទាំងនេះបានពង្រឹងការអង្កេត ការតាមដានអ្នកមានការពាក់ព័ន្ធ ការស្រាវជ្រាវ និងការយល់ដឹងរបស់សាធារណជន ដែលជាការចាំបាច់សម្រាប់គ្រប់គ្រងមេរោគរាតត្បាតជាសាកល ហើយសង្គ្រោះជីវិតមនុស្ស។

តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) សហរដ្ឋអាមេរិក បានផ្តល់ជំនួយក្នុងទឹកប្រាក់ ជាង ១១ លានដុល្លារអាមេរិក ដែលជាជំនួយពិសេសក្នុងការជួយដល់ប្រទេសកម្ពុជា ក្នុងការការពារ ស្វែងរក និងឆ្លើយតបនឹងការរីករាលដាលនៃជំងឺ ក៏ដូចជាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ធនធានទាំងនេះបានជួយព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើទំនាក់ទំនងគ្នាស្តីពីហានិភ័យ ការចូលរួមរបស់សហគមន៍ ការការពារនិងការគ្រប់គ្រងការឆ្លង ការគ្រប់គ្រងលើករណីជំងឺ ប្រព័ន្ធមន្ទីរពិសោធន៍ ហើយបានផ្តល់សម្ភារៈប្រើប្រាស់សំខាន់ៗ ដូចជាគ្រឿងផ្តត់ផ្គង់ផ្នែកអនាម័យជាមូលដ្ឋាន មធ្យោបាយដឹកជញ្ជូនសំខាន់ៗ ប្រអប់ត្រជាក់រក្សាភាពត្រជាក់សម្រាប់ដឹកជញ្ជូនដោយសុវត្ថិភាព នូវសំណាកសម្រាប់យកមកវិភាគនៅមន្ទីរពិសោធន៍ សម្ភារៈការពារខ្លួន សម្រាប់បុគ្គលិកមន្ទីរពិសោធន៍ និងគ្រូពេទ្យជួរមុខ និងគ្រឿងបរិក្ខារព័ត៌មានវិទ្យា ដើម្បីពង្រឹងការអប់រំសុខភាពស្តីពីមេរោគកូវីដ ១៩ ទាក់ទងនឹងការគ្រប់គ្រងលើការផ្ញើសារ និងប្រព័ន្ធតាមដានអ្នកពាក់ព័ន្ធ៕