កំពង់ចាម៖ កាលពិរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការងារនេះ បានដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋបួនគ្រួសារ ដែលសុំបេីកផ្លូវសាធារណ:ឡើងវិញ បន្ទាប់ពីភាគីម្ចាស់ដីបានធ្វើរបងថ្មបិទមិនឲ្យបងប្អូនបង្កើតរបស់ខ្លួនឆ្លងកាត់អស់រយៈពេល១៥ឆ្នាំរហូតបង្កជាជម្លោះដ៏រ៉ាំរ៉ៃ និងពិបាកសម្រមសម្រួលគ្នា។
វិវាទដីធ្លីនេះ បានកើតឡើងនៅភូមិត្នោតលេី ឃុំឫស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន ផល្លា ដែលកូនស្រីបង្កេីតរបស់ឈ្មោះ ឈឹម រ៉េត ហើយបានបង្កជាជម្លោះរវាងបងប្អូនឯង។
ដោយមានសមាសភាពគណ:កម្មការចូលរួមមានលោក សួស ឡា ប្រធានសាលាដំបូងខេត្ដកំពង់ចាម, លោក វង្ស ប៊ុនសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម, លោក ហេង វណ្ណី អភិបាលរងខេត្ដកំពង់ចាមឦ, លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម, លោកយូ ចាន់ឌី អនុប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ដ, លោក សុីម គង់ អភិបាលស្រុកស្រីសន្ធ, លោក សុខ យ៉េន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធ, លោក សូ សេងហ៊ាង មេឃុំឬស្សីស្រុក និងលោក ខាំ ប៉ុន មេភូមិត្នោតលេី។
ស្ថិតក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់របស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងគណៈកម្មការដោះស្រាយ ជាលទ្ធផល គឺទំនាស់ដីធ្លីរ៉ាំរ៉ៃខាងលើត្រូវបានដោះស្រាយប្រកបដោយជោគជ័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សៃន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ចប់នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដោយទឹកចិត្តផ្សារភ្ជាប់នឹងមនោសញ្ចេតនាជាមួយប្រជាជនគ្រប់កាលទេសៈ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់អ្នកស្រី ពិន ផល្លា ចំនួនប្រាំលានរៀល ដើម្បីវាយរបងថ្ម និងរុះរើផ្ទះតៀមចេញពីផ្លូវសាធារណៈ ដែលភាគីនេះបានបិទអស់រយៈកាលជាង១៥ឆ្នាំកន្លងមកហើយ។
ការដោះស្រាយនេះ គូរភាគីបានព្រមព្រៀងទទួលយកទាំងសង្ខាងដោយសេចក្តីសម្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងក្រុមការងារទាំងអស់ ដែលបានមកជួយដោះស្រាយជូនពួកគាត់៕