ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញ មនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ផ្តល់ថវិកាលើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរង នៃអធិការដ្ឋានស្រុកសៀមប៉ាង។
ក្នុងនាមជាធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ លោកស្រី បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមានលោកស្រីកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០ ០ដុល្លា និងលោកស្រី សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា ។
ថវិកាសរុបចំនួន៧០០០០០រៀល និង៧០០ដុល្លាអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រមានឱ្យសុំទោសជាសាធារណៈ ព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយដែលត្រូវបានលោកពន្យល់ថា “ការបំបៅកូនក្នុងឯកសណ្ឋានជារឿងមិនសមរម្យ ធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្រ្តីខ្មែរ” ។
ក្រោយពីបានឃើញលោកស្រីបង្ហោះរូបភាពកំពុងបំបៅកូនអាយុ ១ខួប២ខែ នៅក្នុងឯកសណ្ឋានការងារ និងនៅកន្លែងការងារផ្ទាល់តាមដងផ្លូវកំពុងបំពេញភារកិច្ច។
ភ្លាមៗនោះ ដោយបានមើលឃើញពីការមិនផ្ដល់តម្លៃ ប្រាស់ចាកអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្រ្តីក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយរបស់ក្រសួងសុខាភិបាល លោកស្រី ជូ ប៊ុនអេងបានចេញសារលិខិតជូនចំពោះ លោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ក្នុងលិខិតនោះសរសេរថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ”។
ក្នុងស្ថានភាពជាស្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើស ពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូន តាំងពីក្នុងផ្ទៃរហូត កើតមក និងបន្តទៅ ទៀតដល់ពេញវ័យ ។
បើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែរទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់កូន និងការងារស្នូលរបស់នាងដែរ។
លោកអធិការគួរតែសម្ដែងនូវការកោតសរសើ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្រ្តីស្រ្តីបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែរទាំកូនលោកដូចគ្នាដែរ។
ក្រសួងកិច្ចការនារីក៏បានចេញនូវសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យថា “ ក្រសួងកិច្ចការនារីសូមសម្ដែងនូវការកោតសរសើចំពោះលោកស្រី អនុសេនីយ៍ទោ ស៊ីថុង សុខា ដែលបានបង្ហាញពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញភារកិច្ចជូនស្ថាប័ន និងតួនាទី ជាម្ដាយដ៏ល្អក្នុងការចិញ្ចឹមបីបាច់និងផ្ដល់ភាពកក់ក្ដៅដល់កូន។
ក្នុងន័យនេះ ស្ថាប័នអង្គភាពដែលមានស្រ្តី ជាមន្រ្តីក្រោមឱវាទឬជាបុគ្គលិកបំពេញការងារគួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន និងអនុញ្ញាតឱ្យស្រ្តីដែលមានកូនតូចអាចបំពេញការងារផង និងបំពេញតួនាទីជាម្ដាយផង។…”
ក្រោយពីមានលិខិតអន្តរាគមន៍របស់លោកស្រី ជូ ប៊ុនអេង និងក្រសួងកិច្ចការនារី យើងឃើញមានការសាទរពីសំណាក់សាធា រណៈជន និងមានការចូលរួមចំណែកលើកទឹកចិត្តដោយពាក្យសំដី ថវិកា និងសម្ភារៈជាច្រើន ជូនដល់លោកស្រី ។