(រាជធានីភ្នំពេញ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប .ប.» សហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១បានចុះអង្កេត តាមដានតម្លៃលក់ទំនិញសំខាន់ៗមួយចំនួន ពិសេសម្ហូបអាហារដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីរកមូលហេតុ និងមានវិធានការទប់ស្កាត់ការតម្លើងថ្លៃហួសហេតុ ពីសំណាក់ ជនឆ្លៀតឱកាសមួយចំនួនផងដែរ។
ការធ្វើដូច្នោះគឺ អនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេសអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ០១ សណន ស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សកម្មភាពនេះ ត្រូវបានអនុវត្តនៅផ្សារគោលដៅចំនួន៣ គឺ៖
ផ្សារបុរី ពិភពថ្មីចំការដូង ដែលស្ថិតក្នុងខណ្ឌដង្កោ ផ្សាររីករាយនិងផ្សារឈូកមាស ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ លក់ដូរ ក្នុងផ្សារទាំងអស់ សូមមេត្តាកុំឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ និងសូមប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្ម ប្រកបដោយសីលធម៌ និងសុចរិត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកំពុងចូលរួមអនុវត្តបម្រាម បិទខ្ទប់ គោល បំ ណងប្រយុទ្ធប្រឆាំងនឹងការ រីករាលដាលនៃជំងឺកូវីត -១៩មិន ឱ្យរីករាលដាលបន្តទៀត។
ប្រសិនបើ បងប្អូនប្រជាពលរដ្ឋមាន ឬជួបបញ្ហាលើតម្លៃលក់ និងគុណភាពទំនិញលើទីផ្សារ សូមមេត្តាទំនាក់ទំនងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប.។