ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បាត់ដំបងនៅថ្ងៃ១៧មេសា១៩៧៥ ពួកខ្មែរក្រហមមិនទាន់ជម្លៀសប្រជាជនចេញពីទីរួមខេត្ត ភ្លាមៗទេ

ដោយ៖ ឈឹម សេរីភួន
(SBM News)៖ ចំណែកនៅទីរួមខេត្តបាត់ដំបង ឯណោះវិញ បើទោះបីបានឮវិទ្យុភ្នំពេញ ប្រកាសឲ្យដាក់អាវុធ តាំងពីព្រឹកថ្ងៃទី ១៧ ខែមេសា ក៏ពិតមែន ក៏ពួកទាហាននៅទីរួមខេត្តនេះ បន្តការប្រយុទ្ធរហូតដល់ម៉ោង៦ព្រលប់ ទើបវរសេនីយ៍ឯកឡេង រ៉ាអ៊ូល មេបញ្ជាការរងយោធភូមិភាគទី៣ ចេញបទបញ្ជាឲ្យពលទាហានបញ្ឈប់ការប្រយុទ្ធ ហើយវិលត្រឡប់ចូលបន្ទាយវិញ។


ពេលនោះ កងទ័ពខ្មែរក្រហមក៏ចាប់ផ្ដើមនាំគ្នាចូលមកកណ្ដាលក្រុងបាត់ដំបង ជាបណ្ដើរៗបណ្ដើរដែរ។ តែឧត្តមសេនីយ៍សេក សំអៀត ជាអភិបាលខេត្ត និងជាមេបញ្ជាការយោធភូមិភាគទី៣ បានរត់គេចខ្លួនចូលទៅទឹកដីថៃតាំងពីវេលាម៉ោង១៤រសៀលបាត់ទៅហើយ។
យប់ថ្ងៃទី១៧ ខែមេសា ពួកខ្មែរក្រហម និងវរសេនីយ៍ឯកឡេង រ៉ាអ៊ូល បានប្រកាសអំពាវនាវឲ្យតាមរលកធាតុអាកាសវិទ្យុសំឡេងខេត្តបាត់ដំបង ឱ្យកងទ័ពទាំងសងខាងរួបរួមគ្នា។
នៅព្រឹកថ្ងៃទី១៨ ខែមេសា មេខ្មែរក្រហមជាថ្នាក់ដឹកនាំភូមិភាគពាយ័ព្យ និងអាជ្ញាធរខេត្តបាត់ដំបង បានរួមគ្នាបង្កើតគណៈកម្មការចម្រុះមួយ។

មួយថ្ងៃក្រោយមក ពួកខ្មែរក្រហមបានបញ្ជាឲ្យគណៈកម្មការចម្រុះនេះប្រមូលនាយទាហាន នាយទាហា នរង និងពលទាហានទាំងអស់ឲ្យមកជួបជុំគ្នានៅក្នុងបរិវេណសាលាខេត្តមួយកន្លែង និងនៅក្នុងបន្ទាយផ្នែកសង្គ្រាមចិត្តសាស្ត្រមួយកន្លែងទៀត។


ពេលមកជុំគ្នាទាំងពីរកន្លែងហើយ ពួកខ្មែរក្រហមបានទាហានទាំងអស់នោះដើរជាជួរៗទៅកាន់សាលាបច្ចេកទេស ហើយបែង ចែកជាបីក្រុម គឺក្រុមទី១ ជាពួកនាយទាហានចាប់ពីស័ក្តិ១ឡើងទៅ ត្រូវបន្តដំណើរទៅសាលាបឋមសិក្សាសោ ហ៊ឺ ។

ក្រុមទី២ ជាពួកនាយទាហានរង ត្រូវបន្តដំណើរទៅអនុវិទ្យាល័ យអ៊ាប ឃុត និងក្រុមទី៣ ជាពួកពលទាហានឲ្យធ្វើដំណើរទៅវិទ្យាល័យបាត់ដំបង (ព្រះមុនីវង្ស)។
នៅយប់ថ្ងៃទី២០ ខែមេសា រថយន្តកាំមីញ៉ុងធំៗ ចំនួន៩គ្រឿង បានចូលមកដឹកពលទាហាន ដែលកំពុងប្រមូលផ្ដុំគ្នានៅក្នុងបរិវេណវិទ្យាល័យបាត់ដំបង យកចេញទៅបាត់អស់។
នៅថ្ងៃបន្ទាប់ ក៏មានរថយន្តកាំមីញ៉ុង ចំនួន៧គ្រឿងទៀត បានមក ដឹកពលទាហានដែលនៅសេសសល់ក្នុងវិទ្យាល័យ វិទ្យាល័យបាត់ដំបងនោះចេញទៅទិសខាងកើតបន្តទៀតបាត់សូន្យឈឹង។
នៅថ្ងៃទី២៣ ខែមេសា ពួកមេខ្មែរក្រហមបានណែនាំឱ្យវរសេនី យ៍ឯកឡេង រ៉ាអ៊ូល ក្នុងនាមគណៈកម្មការចម្រុះ កាន់បញ្ជីហៅឈ្មោះនាយទាហានដែលកំពុងប្រមូលផ្ដុំគ្នានៅក្នុងបរិវេណសាលាបឋមសិក្សាសោ ហ៊ឺ ម្នាក់ម្ដងៗឱ្យដើរតម្រង់ជួរទៅកាន់សាលាខេត្ត រួចប្រាប់ថា ឱ្យត្រឡប់ទៅផ្ទះស្លៀកពាក់ឯកសណ្ឋានជានាយទាហាន និងពាក់ស័ក្តិឱ្យបានត្រឹមត្រូវ រួចប្រញាប់ប្រញា ល់មកឡើងរថយន្តកាំមីញ៉ុង ចំនួន៦គ្រឿងដែលកំពុងចតជាស្រេចនៅក្នុងសាលាខេត្ត ដើម្បីទៅទទួលសម្ដេចឪ ។
ការពិតគ្មានទៅទទួលសម្ដេចឪអ្វីទេ គឺពេលរថយន្តចំនួន៦គ្រឿងនោះ ដឹកពួកនាយទាហានទាំងនោះទៅដល់ផ្លូវលំចូលទៅភ្នំធិបតី ត្រង់ផ្លូវបំបែកជាបួន កងទ័ពខ្មែរក្រហមដែលលាក់ខ្លួនត្រៀមចាំទីនោះជាស្រេចបានបញ្ជាឱ្យពួកនាយទាហានទាំងនោះចុះពីលើរថយន្ត រួចក៏ចាប់ផ្ដើមបាញ់រះដួលស្លាប់ពេញវាល។

ប៉ុន្តែក៏មានអ្នករត់គេចខ្លួនបានពីរបីនាក់ដែរ។នៅទីរួមខេត្តបាត់ដំបង មានការខុសប្លែកគ្នាពីនៅទីក្រុងភ្នំពេញ និងទីរួមខេត្តផ្សេងៗទៀត ព្រោះក្រោយពេលវាយដណ្ដើមបានទីរួមខេត្តនេះនៅយប់ថ្ងៃទី១៧ ខែមេសានោះ ពួកខ្មែរក្រហមមិនត្រឹមតែមិនបានបណ្ដេញប្រជាជនឲ្យចេញពីទីរួមខេត្តនោះទេ គឺថែមទាំងបានអនុញ្ញាតឲ្យប្រកបមុខរបររកស៊ីលក់ដូរដូចធម្មតា ពិសេសបានជួយធ្វើឱ្យទំនិញនៅលើទីផ្សារចុះថោកទៀតផង។
នៅថ្ងៃទី២៣ ខែមេសា ពួកខ្មែរក្រហមបានស្នើឱ្យពួកនាយទាហានរងទាំងអស់ដែលកំពុងប្រមូលផ្ដុំគ្នានៅក្នុងបរិវេណវិទ្យាល័យអ៊ាប ឃុត ឲ្យទៅរៀនសូត្រ ដោយអនុញ្ញាតឲ្យជ្រើសរើសកន្លែងរៀនសូត្រពីកន្លែង គឺចង់ទៅរៀនភ្នំពេញ ក៏បាន ឬចង់ទៅរៀននៅខេត្តសៀមរាបក៏បាន។
ក្រោយមករថយន្តបានដឹកពួកនាយទាហានរងទាំងនោះ ទៅដល់វាលបត់កង ក្នុងស្រុកថ្មគោល ក៏ត្រូវពួកខ្មែរក្រហមចាប់ចងស្លាបសេកយកទៅបាញ់សម្លាប់ចោលទាំងអស់។
ចុងក្រោយគឺដល់វេនមេទាហានធំៗដែលជាសមាជិកគណៈក ម្មការចម្រុះ ដូចជា វរសេនីយ៍ឯកឡេង រ៉ាអ៊ូល, វរសេនីយ៍ទោស៊ីសុវត្ថិ កុស្សរៈ និងចាប វង្ស ក៏ត្រូវពួកខ្មែរក្រហមសម្លាប់ចោលអស់ដែរ៕