ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM NEWS)៖ ឆ្នាំ១៩៤១ ពេលកងទ័ពរបស់ព្រះចៅអធិរាជជប៉ុន បានចូលមកដល់ក្រុងភ្នំពេញ ធ្វើឱ្យសឺង ង៉ុកថាញ់កាន់តែបញ្ចេញសកម្មភាពដឹកនាំចលនាប្រឆាំងនឹងបារាំង ខ្លាំងឡើងៗ រហូតដល់បារាំងតាមចាប់ខ្លួន។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២ មេគិញបារាំងម្នាក់ អមដំណើរដោយលេខាធិការ(ស្មៀន) ខ្មែរ២នាក់ទៀត បានកាន់សំណុំរឿងមួយបាច់ធំយកទៅជួបប្រជុំជាមួយ អ៊ឹង អ៊ី ជានាយករដ្ឋមន្ត្រី និងទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ ព្រមទាំងមន្ត្រីខ្មែរមួយចំនួនទៀត។
ក្រោយកិច្ចប្រជុំនោះចប់ ទា សាន ជារដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ បានបញ្ជាឲ្យជុំ មួង ដែលជាលេខាធិការរបស់គាត់ ឲ្យទៅនិមន្តលោកគ្រូអាចារ្យហែម ចៀវ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់គង់នៅវត្តឧណ្ណាលោម និងជាសិស្សគណសំណព្វចិត្តរបស់សម្ដេចព្រះសង្ឃរាជជួន ណាត ដែលកាលនោះ ព្រះអង្គទើបមានឋានៈជាព្រះពុទ្ធឃោសនាចារ្យនៅឡើយ ឲ្យមកជួប ព្រោះមានបញ្ហាសំខាន់ ដើម្បីជួបពិភាក្សាគ្នាបន្ទាន់។
ពេលលោកគ្រូអាចារ្យហែម ចៀវ ចូលទៅដល់ក្នុងការិយាល័យភ្លាម រដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ រូបនេះ ក៏បានប្រើមន្ត្រីក្រោមឱវាទឲ្យទៅទិញសម្លៀកបំពាក់មួយកំផ្លេ ហើយឲ្យលោកគ្រូអាចារ្យ ហែម ចៀវ ស្រាតស្បង់ចីវចេញ រួចស្លៀកពាក់ខោអាវនោះវិញ ។
បន្ទាប់មក ពូកគិញបារាំង ក៏បាននាំគ្នាទៅចាប់មេដឹកនាំចលនាប្រឆាំងនឹងបារាំងម្នាក់ទៀត ឈ្មោះនួន ឌួង ដល់ផ្ទះរបស់គាត់ដែរ។
ក្រោយពីពួកបារាំង នាំលោកគ្រូអាចារ្យហែម ចៀវ ចេញទៅបាត់ពីការិយាល័យរបស់រដ្ឋន្ត្រីមហាផ្ទៃ និងធម្មការ ជុំ មួង ជាលេខាធិការកាន់តែភិតភ័យខ្លាំងថែមទៀត ព្រោះគាត់ក៏មានជាប់ពាក់ព័ន្ធជាមួយព្រះគ្រូអាចារ្យហែម ចៀវ ក្នុងសកម្មភាពដឹកនាំចលនាប្រឆាំងនឹងបារាំង ដែរ។
លុះដល់ម៉ោងចេញពីធ្វើការ ជុំ មួង ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅជួបសឹង ង៉ុកថាញ់ ដើម្បីប្រាប់ឲ្យបានដឹងពីរឿងនេះ ។
សឹង ង៉ុកថាញ់ ក៏បានប្រាប់ជុំ មួង វិញថា ប្រយ័ត្នឲ្យមែនទែន ពេលនេះបារាំង ប្រាកដជាតាមចាប់ពួកយើងបន្តទៀតហើយ។
មួយថ្ងៃក្រោយមក ដំណឹងនៃការចាប់ខ្លួនលោកគ្រូអាចារ្យហែម ចៀវ បានលេចឮពីវត្តមួយទៅវត្តមួយទៀត និងពីមជ្ឈដ្ឋានពុទ្ធបរិស័ទមួយទៅមជ្ឈដ្ឋានពុទ្ធបរិស័ទមួយទៀត ធ្វើឲ្យភ្ញាក់ផ្អើលជ្រួលច្របល់កាន់តែខ្លាំងឡើងៗ ពិសេសក្នុងមជ្ឈដ្ឋានជាមិត្តភក្តិ និងសិស្សគណរបស់លោកគ្រូអាចារ្យហែមចៀវ តែម្តង។
សឹង ង៉ុកថាញ់ ក៏បានបញ្ជាឲ្យប៉ាច ឈឺន រៀបចំធ្វើបាតុកម្មមួយទាមទារឲ្យអាជ្ញាធរបារាំង ដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង មកវិញ។
ប៉ុន្តែ សឹង ង៉ុកថាញ់ មិនបានទៅចូលរូមក្នុងបាតុកម្មនោះទេ ព្រោះដឹងច្បាស់ថា ពួកគិញបារាំង កំពុងតាមរកចាប់់ខ្លួនគាត់ដែរ ក៏គេចខ្លួនទៅស្នាក់នៅក្នុងបន្ទាយតម្រួតយោធាជប៉ុន ដើម្បីកុំឲ្យពួកគិញ បារាំង តាមចាប់គាត់។
លុះវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ ព្រះសង្ឃដែលភាគច្រើននិមន្តមកពីវត្តលង្កា និងវត្តឧណ្ណាលោម ប្រមាណ៥០០អង្គ ព្រមទាំងគ្រហស្ថប្រមាណ៥០០នាក់ទៀត សរុបទាំងអស់ប្រមាណ ១០០០ អង្គ/នាក់ បានមកជួបជុំគ្នានៅខាងក្រោយព្រះបរមរាជវាំង ។
ដោយមានប៉ាច ឈឺន ជាអ្នកនាំមុខ ក្រុមបាតុករក៏បានចាប់ផ្តើមហែក្បួនតាមផែនការរបស់សឹង ង៉ុកថាញ់ ដោយចាប់ផ្ដើមចេញដំណើរពីក្រោយព្រះបរមរាជវាំង តាមវិថីឌូដា ដឺឡាហ្គ្រេ (Doudart de Lagrée, សព្វថ្ងៃ ជាមហាវិថីព្រះនរោត្តម) ឆ្ពោះទៅការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង ដែលនៅខាងលិចវត្តភ្នំ តាមការគ្រោងទុក។
នៅតាមផ្លូវគ្មានការរារាំងអ្វី ក្រៅតែពីឃើញពួកគិញបារាំង គិញខ្មែរ និងគិញវៀតណាម តាមឃ្លាំមើលប៉ុណ្ណោះ។
ពេលក្បួនបាតុកម្មធ្វើដំណើរទៅឈប់នៅមុខអគារការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំង ខាងលិចវត្តភ្នំ ប៉ាច ឈឺន ដែលជាអ្នកនាំមុខបាតុករបានចូលទៅជួបមន្ត្រីបារាំង ៣-៤ នាក់ដែលឈរនៅមាត់ជណ្តើរឡើងទៅជាន់លើ រៀបរាប់ពីគោលបំណងនៃការធ្វើបាតុកម្មស្នើសុំឲ្យអាជ្ញាធរបារាំង ដោះលែងលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង និងសុំជួបពិភាក្សាបញ្ហានេះជាមួយទេសាភិបាលជាន់ខ្ពស់បារាំង ដោយផ្ទាល់តែម្តង។
មន្ត្រីបារាំងទាំងនោះ ក៏ប្រាប់ប៉ាច ឈឺន វិញថា តំណាងបាតុករ២ ឬ៣នាក់ អាចអនុញ្ញាតឲ្យចូលជួបទេសាភិបាលជាន់ខ្ពស់បាន។
ឮដូច្នេះ ក្រុមបាតុករដែលនៅឯមាត់របង ចាប់ផ្តើមស្រែកថា ចូលទៅ២ ឬ៣នាក់មិនបានទេ ពួកបារាំងប្រាកដជាចាប់ខ្លួនជាមិនខាន។
បន្ទាប់មក ក្រុមបាតុករនាំគ្នាសម្រុកចូលទៅខាងក្នុង តែត្រូវពួកបារាំងទាញទ្វាររបងបិទជិត មិនឲ្យចូល រួចហើយចាប់ប៉ាច ឈឺន ដែលនៅខាងក្នុងស្រាប់ យកទៅខាងក្រោយអគារការិយាល័យទេសាភិបាលជាន់ខ្ពស់បារាំងនោះ បង្ខំឲ្យឡើងលើរថយន្តមួយគ្រឿង រួចបើកចេញទៅតាមទ្វារក្រោយបាត់ទៅ៕ (យោងតាមឯកសារលោកប៊ុណ្ណ ចន្ទម៉ុល)