លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា លោកគិតថា គេអាចមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការសម្តែងមតិ រួមទាំងការស្វែងរកមន្រ្តីពុករលួយដើម្បីបញ្ជូនទៅតុលាការ។ អ្វីដែលសំខាន់នោះ បុគ្គលនេះត្រូវចេះអាននូវអ្វីដែលជារបត់នយោបាយ ក្នុងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល លើអនុវិស័យនេះ ពីការអនុវត្តវិមជ្ឈការមុនឆ្នាំ២០០៦ មកអនុវត្តមជ្ឈការក្រោយឆ្នាំ២០០៦។

ហើយរាជរដ្ឋាភិបាលសម្រេចធ្វើវិមជ្ឈការក្រោយឆ្នាំ២០១៦ ដោយត្រូវប្រគល់សិទ្ធិអំណាច ទៅអភិបាលនៃគណអភិបាលរាជធានី ខេត្តជាអ្នកដឹកនាំបង្រ្កាបបទល្មើស ជលផល និងព្រៃឈើ។ ក្នុងករណីនេះគឺក្រសួងអាចអន្តរាគមន៍ លុះត្រាតែមានសំណូមពរចាំបាច់តែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបញ្ជាក់ថា “ការបាត់បង់ធនធានធម្មជាតិ កន្លងមកមានហេតុផលជាច្រើនដូចដែលខ្ញុំបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ ព្រោះជាលក្ខណៈសត្យានុម័ត មិនមែនក្រសួងជាអ្នកធ្វើនោះទេ ព្រោះបានផ្តើមចេញពីដំណើរ នៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ កំណើនទីក្រុង ទីប្រជុំជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងព្រែកនានានៅតាមដងទន្លេជាដើម”។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដោយឡែកកាធ្វើវារីវប្បកម្មរបស់យើង នាពេលបច្ចុប្បន្នគឺស្ថិតនៅរាយបាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់គ្នាបានទេ ហើយការប្រមូលផលជួបការលំបាកត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយដើម្បីប្រមូលធ្វើការផ្គត់ផ្គងទីផ្សារ និងការដឹកជញ្ជូនផងដែរ។

នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលយើងកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួង ក្នុងនេះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងអាជ្ញាធរដែនដីផងដែរ។

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា “បើទោះបីកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ទាក់ទងទៅនឹងការធ្វើវារីវប្បកម្ម និងបញ្ហាទីផ្សារយ៉ាងណាក៏ដោយ ក៏ការធ្វើវារីវប្បកម្មនៅកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ (២០១៥-២០២០)បានប្រព្រឹត្តទៅទទួលបានវឌ្ឍនភាព ដោយមានសម្ទុះគួរឱ្យកត់សំគាល់ ដែលទិន្នផលវារីវប្បកម្មប្រមូលប្រចាំឆ្នាំ៖ ២០១៥ ទទួលបាន ១៤៣ ១៤១ តោន

-២០១៦ ទទួលបាន ១៧២ ៥០០ តោន

– ២០១៧ ទទួលបាន ២០៧ ៤៤៣ តោន

– ២០១៨ ទទួលបាន ២៥៤ ០៤៨ តោន

– ២០១៩ ទតួលបាន ៣០៧ ៤០៨ តោន

(មានកំណើនទិន្នផលវារីវប្បកម្មប្រចាំឆ្នាំជាមធ្យម ២០,៦% ចាប់ ពីឆ្នាំ២០១៥-២០១៩) និង

-នៅឆ្នាំ២០២០ កើនឡើងដល់ ៤០០ ៤០០ តោន មានកំណើន ៣០% ធៀបទៅនឹងឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កំណើនឡើងជាលំដាប់នៃទិន្នផលវារីវប្បកម្មនេះ ដោយសារតែមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងសកម្មពីសំណាក់បង ប្អូនវារីវប្បករកម្ពុជាយើង គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស និងទុនជាប្រាក់កម្ចី និងថវិកាពីដៃគូរអភិវឌ្ឍន៍អន្តរជាតិនានាផងដែរចំពោះសកម្មភាពអភិវឌ្ឍន៍វារីវប្បកម្មនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែបន្តជួបប្រទះបញ្ហា ប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ។

ដោយមូលហេតុសំខាន់ៗដូចជាៈ ការថមថយផលត្រីពីធម្មជាតិ ដោយសារ កំណើនប្រជានេសាទ បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើស មានល្បិចកលក្នុងការធ្វើនេសាទខ្ពស់ ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបញ្ជាក់ថា វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សាពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនៅមានតម្លៃខ្ពស់។ នាំចេញតម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុកក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម តាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍- ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដូចបានរៀបរាប់ខាងលើ៕

ដោយ ៖ សួស សំរិត