ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋាភិបាលចិនសន្យាជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន នៅតែបន្តជួយជ្រោមជ្រែងកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

លោកបានបញ្ជាក់ថា ដរាបណាកម្ពុជាមិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយដើម្បីប្រយុទ្ធនឹងជំងឺនេះឡើយ។ ជាងនេះចិនក៏នឹងនៅតែជួយជ្រោមជ្រែងស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញផងដែរ។

ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធៀន យ៉ាងដូច្នេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងនាទីបទសម្ភាសផ្ដាច់មុខជាមួយទូរទស្សន៍ BTV ក្នុង ” ខួប ៦៣ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគី”។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ថិតក្រោមទំនាក់ទំនងល្អប្រៀបបានជាបងប្អូន រដ្ឋាភិបាលចិននៅតែបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ដវ៉ាក់សាំង សម្រាប់កម្ពុជា ហើយក៏នឹងតែបន្ដឈរជាមួយកម្ពុជា ជ្រោមជ្រែងកម្ពុជាស្ដារសេដ្ឋកិច្ចឲ្យងើបឡើងវិញផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការល្អដែលប្រទេសកម្ពុជា និងប្រទេសចិនកំពុងតែមានជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយជាបន្តបន្ទាប់មកហើយរាប់តាំងពី វ៉ាក់សាំង បរិក្ខា និងអ្នកជំនាញ ដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា នៅចុងខែកក្កដា ខាងមុខនេះ រដ្ឋាភិបាលចិននឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លា នដូសទៀតមកកម្ពុជា។ លោកបន្ថែមថា ការផ្ដល់ជំនួយនេះនឹងនៅតែបន្តដរាបណាកម្ពុជាមិនទាន់មានសុវត្ថភាពពីជំងឺកូវីដ១៩។

ប្រទេសចិនគឺជាប្រទេសឈានមុខ ដែលបានផ្ដល់ជំនួយវ៉ាក់សាំង និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា។ មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងជាង ១៦លានដូសហើយ ក្នុងចំណោមនេះ វ៉ាក់សាំង ៣២៤០០០ដូសជាជំនួនតាមយន្ដការ កូវ៉ាក់ របស់អង្គការសុខភាពិភពលោក ចំណែកវ៉ាក់សាំងជាង ១៥លានដូសទៀតជាជំនួយ និងការផ្គត់ផ្គង់របស់ប្រទេសចិន តាមរយៈបញ្ជាទិញរបស់កម្ពុជា។

ដោយសារមានការជ្រោមជ្រែងរបស់ចិនយ៉ាងខ្លាំងក្លានេះហើយទើបកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាជនបាន ៦លាននាក់ហើយ។

ការចាក់វ៉ាក់សាំងនឹងបន្តទៅមុខដោយឥតបន្ធូរដៃឡើយ ដើម្បីធ្វើយ៉ាងណាចាក់ជូនប្រជាជនអាយុពី១៨ឆ្នាំឡើងទៅឲ្យបាន ១០លាននាក់។

ក្រោយពីចាក់គ្រប់ចំនួន ១០លាននាក់តាមផែនការកម្ពុជានឹងចាប់ផ្ដើមចាក់ជូនកុមារចាប់អាយុពី ១២ ដល់ ១៧ឆ្នាំបន្ថែមទៀត ដើម្បីផ្ដល់របាំងការពារសម្រាប់កុមារ និងឈានទៅដល់ការបើកគ្រឹះស្ថានសិក្សាឡើងវិញ។ នេះគឺជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីឆ្នើមរបស់កម្ពុជា៕

ខ្លឹមសារដកស្រង់ពីវិទ្យុបាយ័ន