(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១រៀបចំពិធីប្រកាសជាផ្លូវការនូវរបាយការណ៍ថ្នាក់ជាតិស្តីពី “ឧបសគ្គពាក់ព័ន្ធ នឹងលិខិតបទដ្ឋានគតិយុត្តនៃកិច្ចការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងការវិភាគអំពីតួនាទីរបស់ក្រុមហ៊ុនរដ្ឋ”។
កម្មវិធីនេះធ្វើឡើង ក្រោយពីអង្គការ OECD បានធ្វើការស្ទង់មតិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ទ និងក្រុមហ៊ុនមួយចំនួនកាលពីដើមឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យមើលគោលនយោ បាយគាំទ្រការប្រកួតប្រជែង សម្រាប់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាអាចជួយជំរុញកំណើនសេដ្ឋកិច្ច។
លើសពីនេះ តាមរយៈការកាត់បន្ថយឧបសគ្គនៃបទប្បញ្ញត្តិនិងបង្កើនប្រសិទ្ធភាពក្នុងដំណើរទីផ្សារសម្រាប់វិស័យភស្ដុភារកម្ម ដូចជា ៖ ការដឹកជញ្ជូនទំនិញ(តាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក) ការបញ្ជូនទំនិញ ការរៀបចំទំនិញបញ្ចូលឃ្លាំង សេវាដឹកជញ្ជូនទំនិញកញ្ចប់តូច និងសេវាកម្មអាករលើតម្លៃបន្ថែម។
តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) មានការអញ្ជើញចូលរួមពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចកា រប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្រៅពីនេះ មានការចូលរួមពីលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងប្រទេសជាសមាជិកអាស៊ាន តំណាងអង្គការ OECD តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា។
របាយការណ៍ទាំងនោះរួមមាន (១). ការពិនិត្យវាយតម្លៃលើការប្រកួតប្រជែង ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)៖ វិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជា និង (២). ការពិនិត្យឡើងវិញពីអព្យាក្រឹតភាពនៃការប្រកួតប្រជែង ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋ កិច្ច (OECD)៖ សេវាកម្មដឹកជញ្ជូនកញ្ចប់តូចនៅប្រទេសកម្ពុជា។
របាយការណ៍ទាំងពីរនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោ បាយគាំទ្រការប្រកួតប្រជែង អាចជួយដល់វិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជាឱ្យរីកចម្រើន និងនាំមកនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ -១៩។