ការស្នើរបស់លោកស្រីរដ្ឋមន្រ្តីនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសលោកស្រីបានជួបពិភាក្សាការងារជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។
ក្នុងកិច្ចជំនួបនោះ បានលើកឡើងពីករណីព័ត៌មាន ស្តីពី គម្រោងនៃការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយថា មានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។
ក្នុងន័យនេះ លោកស្រីរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃឲ្យជួយសហការ ក្នុងការផ្តល់ព័ត៌មានជាក់លាក់ និង ឯកសារផ្លូវការ ស្តីពីគម្រោង នៃការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជា មានមូលដ្ឋាន ក្នុងការពិនិត្យ សម្រេចនូវវិធាននានា បន្ត សំដៅបញ្ចៀស នូវផលអវិជ្ជមានណាមួយ ដែលអាចកើតឡើង និងប៉ះពាល់ដល់ទំនាក់ទំនង នៃប្រទេសទាំងពីរ។
ជាការឆ្លើយតបឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃ៥ កក្កដា កន្លងមកនេះ នៅលើមបណ្តាញ សង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត បង្ហាញពីភាគីថៃ មានគម្រោងសាងសង់ ប្រាសាទអង្គរវត្តទី២ ឬប្រាសាទដែលគេប្រសិទ្ធនាមថា ប្រាសាទសីហនគរ ។
ប្រាសាទអង្គរវត្តទី២ បានប្រារព្ធពិធីបុកគ្រឹះលើកដំបូង របស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុង បរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ដោយកំណត់ថា នឹងបញ្ចប់ការសាងសង់ នៅរវាង ៧ទៅ៨ឆ្នាំទៀត ។
បន្ទាប់មកក្រសួងវប្បធម៌ បានចាត់មន្រ្តីចុះស្រាវជ្រាវ ករណីនេះ ដោយលទ្ធផលបង្ហាញថា ព្រះចៅអធិការវត្ត ភូម៉ានហ្វា អះអាងថា យកតាមរចនាបថ និង គូសប្លង់ដោយវិស្វករថៃទេ ៕
ប្រភព៖ដើមអម្ពិល