ឡុងដ៌៖ ក្រុមតាលីបង់ បានដណ្ដើមបានការគ្រប់គ្រង រដ្ឋធានីកាប៊ុលហើយ ដែលការដួលរលំរដ្ឋាភិបាល អាហ្វហ្គានីស្ថាននាពេលនេះ ជាលទ្ធផលនៃការដកកងទ័ព ដោយមិនទទួលខុសត្រូវរបស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអាហ្វហ្គានីស្ថាន បានបង្កើនល្បឿនអ្វីៗ ទាំងអស់ដោយកត់សម្គាល់ថា គ្មាននរណាម្នាក់ចង់ឱ្យអាហ្វហ្កានីស្ថាន ក្លាយជាកន្លែងបង្កភេរវកម្មឡើយ ខណៈក្រុមតាលីបង់ បានចូលរដ្ឋធានីនៃប្រទេស អាហ្វហ្គានីស្ថានហើយ។

លោក ចនសុន បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីលោកបានដឹកនាំកិច្ចប្រជុំបន្ទាន់ មួយកាលពីរសៀលថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាព នៅអាហ្វហ្គានីស្ថាន។ ហើយពេលនោះក្រុមតាលីបង់ បានបញ្ជាឱ្យសមាជិករបស់ខ្លួន ចូលរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យផងដែរ។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថាចលនានេះ មានគោលបំណងរក្សា សណ្តាប់ធ្នាប់នៅក្នុងរដ្ឋធានី ហើយគ្មានការប៉ះទង្គិចណាមួយឡើយ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានលើកឡើងថា ការសម្រេចចិត្តរបស់អាមេរិក ក្នុងការដកកងកម្លាំងយោធា របស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន គឺជាកំហុសមួយដែលបាន ផ្តល់កម្លាំងដល់ក្រុមតាលីបង់ នៅក្នុងប្រទេសនេះ ។
ស្ថានការណ៍នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ កាន់តែអាក្រក់ទៅៗ ចាប់តាំងពីការដកថយយ៉ាង ឆាប់រហ័សនៃកងទ័ពដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាឱ្យយោធាអាមេរិក បញ្ចប់បេសកកម្មនៅអាហ្វហ្គានីស្ថាន នៅចុងខែនេះ ៕
ដោយ ឈូក បូរ៉ា