ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ  បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក​​​រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖  លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រ​តិភូក្រសួងពាណិជ្ជកម្ម កាលពី​ទី៧ ខែកញ្ញា ឆ្នាំ២០២១ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក​​ Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី និងសហការី តាមប្រព័ន្ធវីដេអូ។
ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំនានានៅឆ្នាំ២០២២ ខាងមុខ។
លោក​​រដ្ឋមន្រ្ដី បានជម្រាបជូនភាគីសិង្ហបុរី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
លោក​​រដ្ឋមន្រ្ដី បានជម្រាបជូនអំពីទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរគួរផ្តោតលើក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ការបន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។
លោក​​រដ្ឋមន្រ្ដី បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងការរៀបចំការងារសំខាន់ៗ និង ទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រងឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗ ជាដើម។
លោក​​រដ្ឋមន្រ្តី បានបន្ដធ្វើបច្ចុប្បន្នភាពលើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំ​បន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២២ ដើម្បីអាច​ទាញ​យកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
លោក​រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជាឱ្យទទួលបានជោគជ័យនាពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕