រាជធានីភ្នំពេញ ៖ សម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា បានប្រកាសថា កម្មករ កម្មការិនីគ្រប់ផ្នែកទាំងអស់ មិនមែនត្រឹមតែកម្មករ កម្មការិនីនៅវិស័យកាត់ដេរ តែកម្មករសំណង់ផងដែរ នឹងទទួលបានសេវាសុខភាពនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយឥតគិតថ្លៃ។
សម្តេចបានបញ្ជាក់ថា៖ «ចាំពីខែមករា ២០១៨ កម្មករគ្រប់ផ្នែកទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់… រាប់ទាំងកម្មករសំណង់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ»។ សម្តេចតេជោបានប្រកាសបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចក៏បានជម្រុញឲ្យកម្មករ កម្មការនីខិតខំធ្វើការឲ្យបានល្អ ហើយសម្តេចក៏សង្ឃឹមថា វិស័យកាត់ដេរនឹងអាចរកទីផ្សារ និងពង្រីកទីផ្សារបានបន្ថែមទៀត ព្រោះថាឥឡូវនេះទីផ្សារជប៉ុនក៏មានការនាំចូលសម្លៀកបំពាក់ពីកម្ពុជាផងដែរ អញ្ចឹងទេ «យើងត្រូវរួមគ្នារក្សានិងបង្កើតការងារ»។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ដើម្បីជួយបងប្អូនពលករធ្វើការនៅក្រៅប្រទេស ដូចជាប្រទេសថៃជាដើម ដើម្បីបានទទួលនូវសិទ្ធស្របច្បាប់។ មកដល់ពេលនេះនៅប្រទេសជប៉ុនតាមរយៈការស្នើសុំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺមានកម្មសិក្សាការីខ្មែរកំពុងតែធ្វើការនៅជប៉ុន។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏កំពុងខិតខំបង្កើតការងារក្នុងស្រុកផងដែរ ដើម្បីឲ្យអ្នកនៅក្រៅប្រទេសត្រឡប់មកស្រុកវិញគឺមានការងារធ្វើផងដែរ៕