ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងសួងពាណិជ្ជកម្ម៖ ស្នើរឲ្យមន្ត្រីទាំងអស់ត្រូវធានាឲ្យបានស្ថិរភាពទីផ្សារ ជូនកសិករ ដែលជាអ្នកផលិតក្នុងខេត្ត

 

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីធានាឲ្យបានស្ថិរភាពទីផ្សារ និងប្រាក់ចំណូលសមរម្យជូនប្រជាកសិករ ដែលជាអ្នកផលិតនៅក្នុងខេត្តទាំងមូល។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីថ្មី ជំនួសលោក ភូ ធាឡុំ (ចូលនិវត្តន៍) ដែលរៀបចំឡើងនៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ ។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តដ៏ទៃទៀត ចូលរួមអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ដោយគោលបំណងនៃគម្រោងនេះ មានសង្គតិភាពជាមួយការងារស្នូលរបស់មន្ទីរពាណិជ្ជកម្ម និងស្ថាប័នមួយចំនួន នៅថ្នាក់ក្រោមជាតិ។

«ការងារនេះ មិនមែនជាកិច្ចការបន្ថែមទេ គឺត្រូវបញ្រ្ជាបចូលទៅក្នុងការងារស្នូលរបស់មន្ទីរទាំងអស់ ដើម្បីជាបទពិសោធន៍មួយថ្មី សម្រាប់មន្ទីរពាណិជ្ជកម្មយើង ក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន» ។

លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ ដល់មន្ទីរពាណិជ្ជកម្មខេត្ដរតនគិរី ដែលបានប្រឺងប្រែងដឹកនាំមន្ទីរ រហូតក្លាយជាអង្គភាពមួយ ទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់ ព្រមទាំងបានថ្លែងអំណរគុណអាជ្ញាធរខេត្ដរតនគិរី ដែលកន្លងមកបានផ្ដល់នូវកិច្ចសហការល្អ និងតែងគាំទ្រការអភិវឌ្ឍវិស័យពាណិជ្ជកម្មដូចជា៖ ចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស តាមដានស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណភាពទំនិញ ចុះឃ្លាំមើលទីផ្សារ និងផ្សព្វផ្សាយអំពីច្បាប់ ព្រមទាំងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាពិសេសការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចផ្សេងៗ ជាដើម៕