ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងកូរ៉េមានទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឲ្យថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ២ពាន់លាននៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងនាំចូលកម្ពុជាជិត ៧០% និងកម្ពុជានាំចេញទៅកូរ៉េវិញមានប្រមាណ៣០% ទេ ដែលធ្វើឲ្យជញ្ជីងពាណិជ្ជកម្មទ្វេភាគីបានបាត់បង់តុល្យភាពផងដែរ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «ក្រោយទស្សនកិច្ចប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន មកកម្ពុជានៅពេលខាងមុខនេះនឹងធ្វើឲ្យពាណិជ្ជកម្មកាន់តែខិតជិតរកគ្នាជាបណ្តើរៗ ដោយសារតែកម្ពុជាជាប្រទេសមានសក្តានុពលផ្នែកសេដ្ឋកិច្ចជាពិសេសវិស័យកសិកម្មនិងកសិកឧស្សាហកម្ម ដែលអាចសហការធ្វើជាមួយនិងវិស័យឯកជន រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរជាងមុន»។

លោកឌីម៉ង់បញ្ជាក់ទៀតថា កម្ពុជា និងកូរ៉េខាងត្បូង គឺជាដៃគូរនឹងគ្នាមិនអាច ខ្វះបាន ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកំពុងតែរៀបចំទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន នៅកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

ទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួន៦ លើក គឺនៅឆ្នាំ១៩៩៦ ឆ្នាំ២០០១ ឆ្នាំ២០០៦ ឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយប្រធានាធិបតីរបស់កូរ៉េខាងត្បូងក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា បានចំនួន៤លើក។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ប្រធានាធិបតី រ៉ូ មូយុន ធ្លាប់បានធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ហើយលោកធានាធិបតី លី ម្យុងបាក់ បានអញ្ជើញមកធ្វើទស្សនកិច្ចចំនួន២លើក ទស្សនកិច្ចផ្លូវរដ្ឋ នៅខែតុលា ឆ្នាំ២០០៩ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនៅខែ វិច្ឆិកា ឆ្នាំ២០១២។លើសពីនេះនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ លោកប្រធានរដ្ឋសភា ជុង អ៊ុយវ៉ា ធ្វើទស្សនកិច្ចផ្លូវការផងដែរ៕