ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមហាសេដ្ឋីនៅកម្ពុជា ចូលរួមវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា។
ដើម្បីបានជំរុញឲ្យធ្វើទំនើបកម្មកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា កសិកម្ម ថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អ ប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយ ដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត “ផលិត កម្មកសិកម្ម តាមកិច្ចសន្យា” ឱ្យកាន់តែទូលំទូលាយថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរិះរកគ្រប់វិធីក្នុងការបន្ថយតម្លៃដើម ក្នុងការផលិត ពិសេសអង្ករ ដើម្បីបង្កើនលទ្ធភាព ក្នុងការប្រកួតប្រជែង៕