ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

៥ តិចនិក​ប្រើ iPhone ថត​ចំណី​អាហារ​មិន​ឲ្យ​ចាញ់​អ្នក​អាជីព

ការ​ថត​រូប​ទេសភាព​អាច​ថា​ជា​រឿង​ងាយស្រួល​ព្រោះ​វា​មាន​ភាព​ទូលាយ, ពន្លឺ​គ្រប់គ្រាន់​ក្នុង​ការ​ថត។ ចុះ​ការ​ថត​រូបភាព​ចំណីអាហារ​វិញ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​តើ​យើង​ត្រូវ​ដឹង​ចំណុច​អ្វី​ខ្លះ? ថ្ងៃ​នេះ Sabay បង្ហាញ​ ៥ តិចនិក​ងាយៗ​ដល់​អ្នក​កំពុង​មាន iPhone ក្នុង​ដៃ អាច​សាកល្បង​ថត​ចំណីអាហារ​របស់​អ្នក​បាន​យ៉ាង​ស្រស់​ស្អាត។​

​ ១.ចាំ​បាច់​ត្រូវ​ថត​ដោយ​ប្រើ​ពន្លឺ​ធម្មជាតិ
ការ​ថត​ក្រោម​ពន្លឺ​ភ្លើង​អំពូល​ធម្មតា​ក្នុង​ផ្ទះ​បាយ នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ អ្នក​ជំនាញ​បាន​បង្ហើប​ឲ្យ​ប្ដូរ​ទម្លាប់​មក​ថត​ដោយ​ប្រើ​ពន្លឺ​ធម្មតា ឧបមា​ទាញ​យក​ចំណី​អាហារ​នោះ​មក​ដាក់​នៅ​លើ​តុ​មួយ​ក្បែរ​មាត់​បង្អួច ហើយ​បើក​ឲ្យ​មាន​ពន្លឺ​ចេញ​ចូល​មុន​នឹង​ព្រះ​អាទិត្យ​លិច (ជៀសវាង​កុំ​ប្រើ​ Flash)។
២.រៀប​ចំ​អាហារ
ក្រៅ​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ អាហារ​ក៏​ត្រូវ​រៀបរយ​ដើម្បី​ឲ្យ​ភ្នែក​ដទៃ​មើល​មក​ឃើញ​ថា​ស្រស់​ស្អាត គួរ​ឲ្យ​ចង់​បរិភោគ។ ដំបូង​គួរ​ប្រើ​នូវ​ចាន​ដាក់​អាហារ​ដែល​មាន​ពណ៌​ចែងចាំង ជៀសវាង​ការ​ប្រឡាក់​ឬ​ប្រេះ​ស្រាំ​ចំណុច​ណា​មួយ។ ទៀត​សោត​ត្រូវ​រៀប​អាហារ​របស់​អ្នក ដាក់​តាម​ប្រភេទ​នៃ​ពណ៌​ធ្វើ​បែប​ម៉េច​ឲ្យ​មើល​ទៅ​ឃើញ​ថា​លេច​ធ្លោ​បំផុត។​

៣.រើស​នូវ​មុំ​ល្អ​បំផុត​ក្នុង​ការ​ថត
មិន​ប្រាកដ​ថា​ថត​មួយ​ជំហរ​ពេញ គឺ​ស្រស់​ស្អាត​នោះ​ទេ វា​ផ្អែក​ទៅ​តាម​ម្ហូប​អាហារ​ដែរ។ ពេល​ខ្លះ​យើង​អាច​ប្រើ​ច្បាប់ ¾ ក្នុង​ការ​ថត ដោយ​មាន​ន័យ​ថា​ថត​យក​តែ ៧៥ ភាគរយ​នៃ​អាហារ​ប៉ុណ្ណោះ ហើយ​ត្រូវ​ចាប់​នូវ​ជ្រុង​ឬ​មុំ​ណា​មួយ ដែល​ថត​ទៅ​ឃើញ​នូវ​គ្រឿង​ផ្សំ​ពី​លើ​អាហារ​របស់​យើង។

៤.រក្សា​ការ​ថត​ឲ្យ​ជិត/ហាម Zoom
កាមេរ៉ា iPhone អាច​ថត​នៅ​ទីតាំង​ជិត​បាន​យ៉ាង​ល្អ​បំផុត ដែល​យើង​គួរ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​តាម​នោះ​ដែរ ដោយ​ត្រូវ​ជៀសវាង​ការ Zoom ជា​ចាំ​បាច់ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​រូបភាព។​

៥.កែច្នៃ​រូបភាព
មាន​កម្មវិធី​ជា​ច្រើន​នៅ​លើ App Store ដែល​ជួយ​ជំរុញ​ពន្លឺ, កែ​ច្នៃ Effect និង​បន្ថែមបន្ថយ​គុណភាព​ជា​ច្រើន​ទៀត ទៅ​លើ​រូបភាព​ដែល​បាន​ថត​ចេញ​ពី​កាមេរ៉ា​ធម្មតា។ Sabay ណែនាំ​ឲ្យ​ស្គាល់​កម្មវិធី ២ ដោយ​ SnapSeed ដាក់​ឲ្យ​ទាញ​យក Free និង Big Lens លក់​ក្នុង​តម្លៃ ០,៩៩ ដុល្លារ។​