រាជធានីភ្នំពេញ ៖ ផ្សារធំថ្មីដែលមានអាយុកាលជាង៨០ឆ្នាំ ត្រូវបានសាងសង់ឡើងតាមម៉ូដអគារបែបសម័យអាណានិគមបារាំង មានទីតាំងនៅចំកណ្តាលបេះដូងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានភ្ញៀវទេសចរអន្តរជាតិជាច្រើនជាតិសាសន៍មកទស្សនា នាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជាហូរហែ និងឈ្វេងយល់ពីសំណង់បុរាណមួយនេះ ។
លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានឲ្យដឹងថា សំណង់ផ្សារធំថ្មីត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៥ ក្នុងអំឡុងពេលអាណានិគមបារាំង តាមម៉ូដ Art Deco ហើយបានលាបពណ៌លឿងលាយប្រផេះ។ សំណង់នេះមានស្លាប៤ ដែលគ្របដោយដោម (កំពូល) នៅចំកណ្តាល ។ នៅក្នុងស្លាបទាំង៤នេះ និងនៅជុំវិញបរិវេណខាងក្រៅ គឺមានដាក់លក់នូវរបស់របរស្ទើរតែគ្រប់មុខ រួមមាន ឧបករណ៍អេឡិចត្រូនិក, សម្លៀកបំពាក់, នាឡិកាដៃ, កាបូប វ៉ាលី, ស្បែកជើង, អាហារស្ងួត ស្រស់ និងគ្រឿងអលង្ការ ។ សម្លៀកបំពាក់មានចាប់ពីអាវយឺតតម្លៃថោក រហូតដល់ក្រមា (ក្រមាខ្មែរ) ។ វត្ថុបុរាណដែលទាក់ទាញ រួមមាន សៀវភៅមគ្គុទ្ទេសក៍អំពីការធ្វើដំណើរថតចម្លង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ។
លោកស្រីបញ្ជាក់ថា ៖« ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ ភ្ញៀវអន្តរជាតិមកទស្សនានៅផ្សារធំថ្មីមានចំនួន១២៨.៤១៦នាក់ ក្នុងនោះវៀតណាម៦៣.១៦៨នាក់, ចិន៣៣.៨៨៣នាក់, អឺរ៉ុប២៧.៤៨៣នាក់, ម៉ាឡេស៊ី១.៥៣២នាក់, ថៃ៧៣៧នាក់, ជប៉ុន១.៣០៦នាក់, កូរ៉េ៤៥នាក់ និងឡាវ២៦២នាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ មានចំនួន១២០.៥៣៤នាក់ កើនឡើង៧.៨៨២នាក់ គិតជាភាគរយមានកំណើន៦,៥% » ។
បើតាមលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត និងអ្នកផ្គត់ផ្គង់ផលិតផលខ្មែរ កាលពីថ្ងៃទី១៧ សីហា ឲ្យដឹងថា ភ្ញៀវទេសចរមកកម្ពុជាក្នុងម្នាក់ គិតជាមធ្យមស្នាក់នៅរយៈពេល៦ថ្ងៃកន្លះ និងចាយវាយប្រាក់ប្រមាណ៧០០ដុល្លារក្នុងអំឡុងពេលស្នាក់នៅនោះ ។
លោកបន្ថែមថា ឧស្សាហកម្មទេសចរណ៍បានជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់ការផលិត និងផ្គត់ផ្គង់ផលិតផលដូចជា អង្ករ បន្លែ ត្រី សាច់ វត្ថុអនុស្សាវរីយ៍ រួមទាំងសេវាកម្មផ្សេងៗ ។ នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៥.០១១.៧១២នាក់ ដែលបង្កើតចំណូលចូលចរន្តសេដ្ឋកិច្ចជាតិប្រមាណ៣.៥០០លានដុល្លារ ។
លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានបញ្ជាក់ថា ៖« បើទោះបីសព្វថ្ងៃនេះ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ភ្ញៀវទេសចរអន្តរជាតិបានចូលមកទស្សនាក្នុងផ្សារធំថ្មីកើនឡើងច្រើនក៏ពិតមែន តែជាមួយគ្នានោះ គណៈកម្មការផ្សារបានចាត់កម្លាំងទាំងសមត្ថកិច្ច និងកម្លាំងផ្សារប្រចាំការគ្រប់ច្រកល្ហកទាំងអស់ ដើម្បីការពារសន្តិសុខសណ្តាប់ឲ្យមានរបៀបរៀបរយជូនភ្ញៀវជាតិ និងអន្តរជាតិ មិនឲ្យមានបញ្ហាអ្វីកើតឡើងនៅក្នុងផ្សារឡើយ។ ជាមួយគ្នានេះ ក្នុងបរិវេណផ្សារក៏មានដាក់កាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងផងដែរ ។ ចំពោះបញ្ហាអនាម័យវិញ គឺគណៈកម្មការផ្សារតែងតែចុះសម្អាតបាញ់ទឹកដុសលាង កុំឲ្យមានក្លិនស្អុយឆ្អេះឆ្អាបដល់ភ្ញៀវចេញចូលក្នុងផ្សារ » ។
គួរបញ្ជាក់ថា ផ្សារធំថ្មីបានសាងសង់ឡើងក្នុងអំឡុងខែសីហា ឆ្នាំ១៩៣៥ និងបានបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ១៩៣៧ តាមប្លង់ស្ថាបត្យកម្មរបស់លោក JEAN DUBOIR ជនជាតិបារាំង ដែលមានក្រុមហ៊ុនឥណ្ឌូចិន សាយហ្គន ជាអ្នកសិក្សាបច្ចេកទេស និងជាអ្នកសាងសង់នៅក្នុងរជ្ជកាលព្រះករុណា ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស គ្រងរាជសម្បត្តិ ហើយបានប្រែក្លាយឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយក្នុងរាជធានីភ្នំពេញនាទសវត្សរ៍ទី៣០ ដល់ទសវត្សរ៍ទី៧០ ដែលជាសមិទ្ធផលមួយក្រោមជំនួយរបស់រដ្ឋាភិបាលបារាំងជូនដល់ប្រទេសកម្ពុជា ហើយបើយើងពុំស្គាល់ផ្សារធំថ្មីទេ ហាក់បីដូចជាពុំស្គាល់រាជធានីភ្នំពេញដែរ ។
ឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់មក ដោយសង្កេតឃើញថា អគារផ្សារធំថ្មី ដែលបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ មានសំណង់នៃអគារខ្លះបានប្រេះស្រាំ ជ្រាបទឹក មិនធានាបាននូវគុណភាពយូរអង្វែង ទើបសាលារាជធានីភ្នំពេញ រៀបចំឯកសារសុំការគាំទ្រជំនួយផ្នែក ហិរញ្ញវត្ថុពីទីក្រុងប៉ារីសនាឆ្នាំ២០០១ និងបានធ្វើការចរចាសម្របសម្រួលជាបន្តបន្ទាប់ ទើបឈានទៅដល់ការរៀបចំ ជួសជុលកែលម្អ ។ សំណង់ពាណិជ្ជកម្មនេះរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេស បានរួមចំណែកដល់ការលើកស្ទួយសោភ័ណភាពរបស់ទីក្រុង និងផ្តល់សេវាកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរឡើង ៕