ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្និសីទថ្នាក់ជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាកាសអ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល”

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ មានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការលើកកម្ពស់បរិយាកាសអ្នកប្រើប្រាស់ជាចម្បងនៅកម្ពុជា៖ វឌ្ឍនភាព និងសមិទ្ធផល” ក្រោមអធិបតីភាព លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ ក.ប.ប. សមាជិក និងជាលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ)។
សន្និសីទថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាលើបញ្ហាថ្មីៗ ដែលបាននិងកំពុងកើតមានឡើងពាក់ព័ន្ធនឹងវិស័យកិច្ចការពារអ្នកប្រើប្រាស់ ទាំងនៅក្នុងតំបន់និងអន្តរជាតិផងដែរ។
សន្និសីទនឹងពិភាក្សាលំអិតលើបញ្ហានានា ដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសគឺការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងការកំណត់នូវវិស័យជាអាទិភាពក្នុងការពង្រឹងនូវយន្តការអនុវត្តច្បាប់របស់ខ្លួនដោយធ្វើការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ការជំរុញឱ្យមានការយល់ដឹងអំពីច្បាប់ដល់ធុរជន សិទ្ធិរបស់អ្នកប្រើប្រាស់ និងអ្នកពាក់ព័ន្ធជាដើម។

បន្ទាប់ពីរៀបចំសន្និសីទថ្នាក់ជាតិនេះ យើងនឹងទទួលបានធាតុចូលសំខាន់ៗ ឈានទៅរៀបចំសេចក្តីព្រាងកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់​​នៅកម្ពុជា និងសេចក្តីព្រាងឯកសារគតិយុត្តផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើតឡើងនូវសមាគមអ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការតម្រង់ទិសឆ្ពោះទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលលោក ស្របតាមផែនការសកម្មភាពជាយុទ្ធសាស្រ្តអាស៊ាន ស្តីពីកិច្ចការពារអ្នកប្រើប្រាស់សម្រាប់ឆ្នាំ ២០១៦-២០២៥ ASEAN Strategic Action Plan for Consumer Protection (ASAPCP) ដែលអាចនិយាយបានថា ជាសូចនាករមួយសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ានយកមកអនុវត្តក្នុងគ្រប់បរិបទនៃបរិស្ថានកិច្ចការពារអ្នកប្រើប្រាស់របស់ខ្លួន៕