ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបីរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបីរបស់ក្រសួងពាណិជ្ជកម្ម រួមមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុងនៅព្រឹកមិញនេះ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ឡើងការពារសេចក្តីព្រាងច្បាប់ទាំងបីនេះ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦នីតិកាលទី៦ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះផងដែរ លោកស្រី និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាបានជម្រាបជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ថាគណៈ កម្មការទី៩រដ្ឋសភា ដោយមានកិច្ចសហការពីគណៈកម្មការទី៥ បានពិនិត្យ និងពិភាក្សាលើការស្នើសុំការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ទាំងបីរបស់ក្រសួងពាណិជ្ជកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ហើយការស្នើសុំនេះបានបំពេញត្រឹមត្រូវតាមបែបបទ និងនីតិវិធី។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជម្រាបអំពីខ្លឹមសារសំខាន់ៗនិងអត្ថប្រយោ ជន៍ជាច្រើន ដែលកម្ពុជានឹងទទួលបាននៅពេលសេចក្តីព្រាងច្បាប់ទាំងបីខាង លើចូលជាធរមាន។

លោករដ្ឋមន្រ្តីបន្តថា ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ដោយសម្លេងគំាទ្រជាឯកច្ឆន្ទ១០២/១០២ សម្លេង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាពនិងសង្គតិភាពក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល។

លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបេ្តជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េវិញនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅ វិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជននិងការផ្សារភ្ជាប់ ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងចំណេះធ្វើនិងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ៕