ខេត្តកំពង់ស្ពឺ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដដឹងថា កម្ពុជាត្រូវការការអ្នកវិនិយោគពីគ្រប់ទីកន្លែង មិនថា ចិន ឬប្រទេសដៃគូណានោះទេ កម្ពុជាមិនបដិសេធ និងមិនមានការរើសអើងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅខេត្តកំពង់ស្ពឺ ។គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ប្រមាណ ២០០០ លានដុល្លារ អាមេរិក ។
សម្តេច បានបញ្ជាក់ថា « យើងកំពុងត្រូវការទុនបន្ថែមទៀត ពីដៃគូអភិវឌ្ឍន៍របស់យើង ដែលក្នុងនោះ គឺមិត្តចិន ក៏ក្លាយជាចំណុច ជាទុនមួយ ដែលសម្រាប់ផ្តល់ឲ្យយើង។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ជាមួយដៃគូដទៃទៀតថា ខ្ញុំមិនបដិសេធចោលជាមួយបរទេសណាទាំងអស់ សូមអញ្ជើញមកវិនិយោគ សូមអញ្ជើញផ្តល់ប្រាក់កម្ចីឲ្យកម្ពុជាបន្តទៅទៀត ព្រោះយើងត្រូវការដៃគូទាំងអស់»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «មានអ្នកខ្លះ គេបាននិយាយថា យើងផ្អែកលើចិនច្រើនពេក ធ្វើឲ្យលម្អៀងទៅរកចិន ធ្វើឲ្យគេរកស៊ីមិនបាន។ ប៉ុន្តែខ្ញុំសូមសួរបកត្រលប់ទៅវិញថា តើអ្នកបានមករកស៊ីជាមួយខ្ញុំ ទៅលើបញ្ហាអី? លើបញ្ហាអីឲ្យប្រាកដ? អ្នកមិនទាន់ដែលបានស្នើសុំការវិនិយោគពីខ្ញុំ ហើយទទួលការទាត់ចោលពីខ្ញុំឯណា? អត់មានផង! បែរទៅជានិយាយថា ស្អីឡើងក្រុមហ៊ុនចិន ស្អីឡើងក្រុមហ៊ុនចិន។
សម្តេចតេជោ ហ៊ុន សែន បន្តថា «កន្លងទៅ ធនាគារអឺរ៉ុប ក៏បានផ្តល់ប្រាក់កម្ចីឲ្យយើង ក៏យើងទទួល។ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចីឲ្យយើង ក៏យើងទទួល។ ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចីឲ្យយើង ក៏យើងទទួល។ យើងទទួលទាំងអស់។ សូមអញ្ជើញមក! ពីគ្រប់ទីកន្លែង! អង់គ្លេសគេថាម៉េច? Every Where។ មក! ខ្ញុំស្វាគមន៍តើ! ខ្ញុំអត់មានបិទទ្វារ សម្រាប់នរណាទាំងអស់! សូមអញ្ជើញមក»។
ជាមួយនឹងការប្រកាសដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានសរសើរចំណុចល្អរបស់ក្រុមហ៊ុនចិន ដែលមកវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុនចិន តែងតែអនុវត្តបានជោគជ័យនូវរាល់គម្រោងទាំងអស់ បើទោះបីជាស្ថិតនៅក្នុងសភាពការណ៍វិបត្តិសេដ្ឋកិច្ចកាលពី ឆ្នាំ២០០៨ ក៏ដោយ៕