រាជធានីភ្នំពេញ ៖ លោកម៉ារ៉ា ប៊ុណ្ណា បានចាត់ទុកព័ត៌មានដែលផ្សាយថា លោក និងនាង សាត រស្មី ជាគូស្នេហ៍នឹងគ្នានោះអាចជាការយល់ច្រឡំ ដោយសារតែលោក និងនាងសាត រស្មី គឺជាតារាដែលធ្លាប់សម្តែងរួមគ្នា តាមពិតមិនលើសពីមិត្តរួមអាជីពទេ ។
តាមរយៈវីដេអូឃ្លីបដែលបង្ហោះតាមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងមក តារាចម្រៀងនិងសម្តែងដែលទើបតែទទួលរងការរិះគន់ពីមហាជនយ៉ាងចាស់ដៃតាមរយៈបទ «បែកស្លុយ» ចម្លងពីថៃ លោកម៉ារ៉ា ប៊ុណ្ណា បញ្ជាក់ថា រវាងលោក និងនាងសាត រស្មី គឺមិនមានពាក់ព័ន្ធអ្វីជាស្នេហា ក្រៅពីមិត្តភក្តិរួមអាជីពសិល្បៈទេ ។ បើនិយាយពីរូបលោក សាច់ញាតិ មិត្តភក្តិ គឺមានច្រើន តែបើនិយាយពីស្នេហាវិញគឺមិនសូវមានទេ ហើយបើនិយាយពីរឿងស្នេហាជាមួយាត រស្មី នោះរឹតកាន់តែឆ្ងាយថែមទៀត ។
ត្រង់ចំណុចនេះលោកម៉ារ៉ា ប៊ុណ្ណា សង្កត់ធ្ងន់ថា «បើនិយាយពីខ្ញុំ និងសាត រស្មី ទៀតនោះមានអីទៀត គឺនាងស្អាតដូចទេពអប្សរ សាច់ស ចំណែកខ្ញុំសម្បុរស្រអែមអីុចឹង បើឈរទន្ទឹមគ្នាវិញ គឺដូចក្អែកពាំពងមាន់អីុចឹង ។ ការទាក់ទងរវាងខ្ញុំ និងនាងសាត រស្មី គឺត្រឹមជាមិត្តភក្តិប៉ុណ្ណោះ សូមទស្សនិកជនកុំមានការយល់ច្រឡំបន្តទៀត ដើម្បីទុកពេលឱ្យធ្វើបទថ្មីៗបន្ថែមទៀត » ។
តារាចម្រៀងលោកម៉ារ៉ា ប៊ុណ្ណា បានធ្លាយព័ត៌មានថា ភ្ជាប់ចំណងស្នេហា និងរួមរស់ជាមួយ អតីតប្រពន្ធកីឡាករប្រដាល់ជៀស ស្រួច គឺនាងសាត រស្មី ។
សារព័ត៌មានក្នុងស្រុកមួយផ្សាយថា ស្នេហារវាងម៉ារ៉ា ប៊ុណ្ណា ដែលជាម្ចាស់បទ «ឱ្យតែគិតចេះតែចង់យំ» និងសាត រស្មី អតីតប្រពន្ធ ជៀស ស្រួច កើតឡើងក្នុងរយៈពេល៣ទៅ៤ខែមកហើយ ។
ប្រភពដដែលបន្ថែមថា មុនពេលរឿងស្នេហានេះធ្លាយចេញមក លោកម៉ារ៉ា ប៊ុណ្ណា តែងតែលួចសរសើរសាត រស្មី ប្រាប់មិត្តអ្នកសិល្បៈថា ស្អាត និងថែមលួចបង្ហើបថា នាងជាមេផ្ទះដ៏ឆ្លាតវៃ ដោយចេះទុកដាក់ និយាយរួមរឿងអាហារ ចេះធ្វើសព្វគ្រប់បំពេញចិត្តលោក ។ លោកម៉ារ៉ា ប៊ុណ្ណា បានទាក់ទងជាមួយសាត រស្មី ក្នុងអំឡុងពេលថតបទ «ឱ្យតែគិតចេះតែចង់យំ» ក្នុងផលិតកម្ម Galaxy ។ ពួកគេបានរួមរស់ក្រោមដំបូលតែមួយ ។
ដំណឹងពីស្នេហាជាមួយសាត រស្មី នេះ គឺជាដំណឹងថ្មីមួយបន្ថែមទៀតសម្រាប់តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បន្ទាប់ពីកន្លងមកតារាចម្រៀងរូបនេះធ្លាប់បង្កើតចំណងស្នេហាជាមួយតារាសម្តែងជើងចាស់ គឺអ្នកនាង ប៉ែន សុផានី តែចំណងស្នេហានោះចែកផ្លូវគ្នាជាង១ឆ្នាំមកហើយ ៕