ប្រទេសកម្ពុជាប្រឈមមុខកង្វះកម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម
អ្នកជំនាញបានលើកឡើងថា ប្រទេសកម្ពុជាថ្វីត្បិតកំពុងតែផលិតពលកម្មជំនាញក្នុងវិស័យឧស្សាហកម្មក៏ពិតមែន ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្លាំងជំនាញទាំងនោះតែមានកង្វះខាតនៅឡើង។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា ភីអិលស៊ីបានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មពិតជាមានសារៈសំខាន់ណាស់ ហើយទីផ្សារការងារនៅកម្ពុជាកំពុងតែត្រូវការពលកម្មជំនាញច្រើន ដែលត្រូវការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើន ដើម្បីបំពេញតាមសេចក្តីត្រូវរបស់អ្នកវិនិយោគពីក្រៅប្រទេស។
លោកបណ្ឌិតមានប្រសាសន៍ទៀតថា បើគិតជាសហគ្រាសខ្នាតសាជីវកម្ម ដែលបានបើកគណនេយ្យ តាមរយៈ ធនាគារអេស៊ីលីដាកាលពីឆ្នាំ២០១៧ មានចំនួន ៤៤៤ សាជីវកម្ម ប៉ុន្តែបើគិតជាងពាក់កណ្តាលឆ្នាំ២០១៨នេះមានរហូតដល់ ៤៨៤ សាជីវកម្មនិងបានកើនឡើង១១% ហើយកំណើននេះបានធ្វើអោយកម្ពុជាត្រូវការកម្លាំងពលកម្មបន្ថែមទៀត។
សម្រាប់អ្នកជំនាញថា គោលនយោបាយឧស្សហកម្មគឺមានសារៈសំខាន់ណាស់ដែលជាឱកាសដ៏ពិសេស សម្រាប់ប្រទេសកម្ពុជា ហើយទន្ទឹមនោះ ការផលិតកម្លាំងពលកម្មជំនាញគួរតែផលិតអោយបានច្រើន។
ចំណែក លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានទីផ្សារកម្ពុជានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ពិសេស ដើម្បីគាំទ្រគោលនយោបាយជាតិក្នុង វិស័យឩស្សាហកម្មឆ្នាំ២០១៥ និងឆ្នាំ ២០២៥។
លោកបានមានប្រសាសន៍ទៀតថា កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយចាំបាច់បំផុតត្រូវការអ្នកវិនិយោគលើជំនាញបច្ចេកទេស។
គោលនយោបាយអភិវឌ្ឍវិស័យឩស្សាហកម្មគឺ ជាការជំរុញការអភវិឌ្ឍវិស័យកម្មន្តសាល និងឩស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរណកម្មទៅ នឹងចង្វាក់ផលិតកម្មតំបន់ និងពិភពលោក។
លើសពីនេះការតម្រង់ទិសការអភិវឌ្ឍតំបន់ឩសស្សាហកម្ម ដើម្បីធានានូវការប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច នឹងការប្រកួតប្រជែងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស ដោយផ្តោតលើការកែលម្អបរិយាកាសវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម៕